ព័ត៌មានទាន់ហេតុការណ៍៖

WHOស្នើផ្អាកចាក់វ៉ាក់សាំងដូសទីបី តែអាមេរិកបដិសេធ ឯបារាំងគ្រោងចាក់ដូសបំពេញបន្ថែមនៅខែកញ្ញា

ចែករំលែក៖

សេតវិមានបានបដិសេធចំពោះការអំពាវរបស់អគ្គនាយកអង្គការសុខភាពពិភពលោកដែលឲ្យផ្អាកការចាក់វ៉ាក់សាំងដូសទីបីសិន ដោយសារតែប្រទេសផ្សេងៗជាច្រើនទៀតមិនទាន់មានវ៉ាក់សាំងចាក់ជូនពលរដ្ឋនៅដូសទីមួយនៅឡើយទេ។ សេតវិមានអាមេរិកបានបដិសេធដោយចាត់ទុកថានោះជាជម្រើសក្លែងក្លាយ ។
សារព័ត៌មាន Times of Israel បានដកស្រង់សម្តីលេខាព័ត៌មានសេតវិមាន លោកស្រី Jen Psaki ដែលបានលើកឡើងថា «យើងមើលឃើញថា ទាំងនោះគឺជាជម្រើសក្លែងក្លាយ ហើយយើងអាចធ្វើវាទាំងពីរព្រមគ្នា»។
លោកស្រី Jen Psakiបានបញ្ជាក់ថា អាមេរិកបានផ្តល់វ៉ាក់សាំង ច្រើនជាងគេបំផុតនៅលើពិភពលោក ហើយកំពុងតែស្នើដល់ប្រទេសផ្សេងទៀតជួយចែករំលែកវ៉ាក់សាំងបន្ថែមទៀត។
នៅពេលនេះដែរ ប្រទេសជាច្រើនជុំវិញពិភពលោក ពិសេសគឺប្រទេសអភីវឌ្ឍន៍បានចាប់ផ្តើមចាក់វ៉ាក់សាំងបំពេញបន្ថែមដូសទីបី។ ប្រទេសបារាំងក៏បានឡើងគម្រោងចាក់វ៉ាក់សាំងដូសទីបីផងដែរចាប់ពីខែកញ្ញាខាងមុខនេះទៅ។
នៅលើបណ្តាញសង្គម Instagram ប្រធានាធិបតីបារាំង លោកម៉ាក្រុង បានប្រកាសពីគម្រោងចាក់វ់ាក់សាំងប្រឆាំងកូវីដ-១៩ បំពេញបន្ថែម(ដូសទីបី) ។ នៅថ្ងៃទី៥ខែសីហាប្រធានាធិបតីបារាំង លោក Emmanuel Macron បានបញ្ជាក់ថា មនុស្សមានវ័យចំណាស់ និងមន្ត្រីជួរមុខ អ្នកប្រឈមហានិភ័យឆ្លងខ្ពស់ នឹងទទួលបានការចាក់វ៉ាក់សាំងដូសទីបី។
ការប្រកាសរបស់ប្រធានាធិបតីបារាំង កើតឡើងក្រោយពេលអគ្គនាយកអង្គការសុខភាពពិភពលោក WHO លោក Tedros Adhanom Ghebreyesus បានអំពាវនាវដល់ប្រទេសអ្នកមានផ្អាកចាក់វ៉ាក់សាំងដូសទីបីដល់អ្នកដែលបានចាក់ដូសទីពីររួចរាល់ ដើម្បីទុកវ៉ាក់សាំងនោះចែកជូនប្រទេសដែលកំពុងខ្វះខាត។ បច្ចុប្បន្ន នៅមានពលរដ្ឋជុំវិញពិភពលោកជាង ៣,៥ពាន់លាននាក់មិនទាន់ទទួលបានការចាក់វ៉ាក់សាំងដូសទីមួយនៅឡើយទេ ៕

ដោយ៖ធីរីណា(រូបថត៖New York Time+AFP/TTXVN)


ចែករំលែក៖