ក្រុមបាល់ទាត់ជម្រើសជាតិនារីសហរដ្ឋអាមេរិកបានយកឈ្នះក្រុមជម្រើសជាតិនារីអូស្ត្រាលីក្នុងលទ្ធផល៤ទល់៣ ក្នុងការប្រកួតដណ្តើមយកមេដាយសំរិទ្ធិកាលពីរសៀលថ្ងៃទី៥ សីហាម្សិលមិញ ដែលធ្វើឲ្យអាមេរិកទទួលបានមេដាយសំរិទ្ធិ១បន្ថែមទៀតក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅ នាទីក្រុងតូក្យូ ប្រទេសជប៉ុន។ការប្រកួតបើកឆាកក្រុមនារីអាមេរិកបានរកគ្រាប់បាល់នាំមុខមុនដោយកីឡាការិនី Rapinoe នៅនាទីទី៨ ប៉ុន្តែនៅនាទីទី១៧ កីឡាការិនីអូស្ត្រាលី Kerr រកបាន១គ្រាប់តាមស្មើវិញ។ មិនទាន់បានប៉ុន្មាននាទីផង កីឡាការិនី Rapinoe ដដែលរកបាន១គ្រាប់បន្ថែមទៀតនៅនាទីទី២១ និងនៅនាទីទី៤៥+១ ក្នុងម៉ោងបន្ថែមតង់ទី១ កីឡាការិនីអាមេរិក Lloyd រកបាន១គ្រាប់បន្ថែមធ្វើឲ្យចប់ការប្រកួតក្នុងតង់ទី១ អាមេរិកនាំមុខអូស្ត្រាលី៣ទល់១។
ចូលដល់ការប្រកួតក្នុងតង់ទី២ ក្រុមនារីអូស្ត្រាលីបានព្យាយាមដាក់សម្ពាធទៅលើក្រុមនារីអាមេរិក ប៉ុន្តែនៅតែមិនអាចធ្វើអ្វីបាន រហូតដល់នាទីទី៥១ ខ្សែប្រយុទ្ធនារី Lloyd ដដែលរកបាន១គ្រាប់ឲ្យក្រុមអាមេរិកបន្ថែមទៀត។ រំលងបាន៣នាទី កីឡាការិនី Foord របស់អូស្ត្រាលីមានឱកាសរកបាន១គ្រាប់សងវិញ ហើយនៅនាទីទី៩០ ជិតចប់ការប្រកួតទៅហើយ កីឡាការិនី Gielnik របស់អូស្ត្រាលីរកបាន១គ្រាប់បន្ថែមទៀត។ ធ្វើឲ្យចប់ការប្រកួតអាមេរិកយកឈ្នះអូស្ត្រាលី៤ទល់៣។
លទ្ធផលនេះធ្វើឲ្យក្រុមនារីសហរដ្ឋអាមេរិកទទួលបានមេដាយសំរិទ្ធិ(ចំណាត់ថ្នាក់លេខ៣) លើវិញ្ញាសាប្រកួតបាល់ទាត់អូឡាំពិកផ្នែកនារីក្នុងឆ្នាំនេះ។ ចំណែកក្រុមជម្រើសជាតិនារីស៊ុយអែតត្រូវប៉ះក្រុមជម្រើសជាតិនារីកាណាដាដើម្បីដណ្តើមយកមេដាយមាសក្នុងព្រឹត្តិការណ៍អូឡាំពិកនេះ ដោយត្រូវប្រកួតគ្នានៅវេលាម៉ោង៧យប់ថ្ងៃសុក្រ ទី៦ សីហានេះ ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)