ព័ត៌មានទាន់ហេតុការណ៍៖

លោក​ គឹម​ សន្តិភាព​៖​ បង្ហាញ​លទ្ធផលអនុវត្តវិធានការច្បាប់ចំពោះបុគ្គលដែលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល សម្រាប់ថ្ងៃទី៥ ខែសីហា!

ចែករំលែក៖

ភ្នំពេញ​៖​ បេី​យោង​តាម​ការបញ្ជាក់​ពី​លោក​ គឹម​ សន្តិភាព​ រដ្ឋលេខាធិការ​ ​និងជាអ្នកនាំពាក្យក្រសួង​យុត្តិធម៌​ នៅព្រឹក​ថ្ងៃ​សុក្រ​ទី​០៦ ខែសីហា​ ឆ្នាំ​២០២១នេះ​ បានប្រកាសសេចក្តីជូនដំណឹងស្តីពីលទ្ធផលអនុវត្តវិធានការច្បាប់ចំពោះបុគ្គលដែលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល សម្រាប់ថ្ងៃទី ០៥ ខែសីហា ឆ្នាំ២០២១។ 

នៅក្នុង​សំណេរ​របស់​លោក​ គឹម​ សន្តិភាព​ បានបញ្ជាក់បន្ថែមថា​ លទ្ធផលអនុវត្តវិធានការច្បាប់ចំពោះបុគ្គលដែលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល សម្រាប់ថ្ងៃទី ០៥ ខែសីហាម្សិលមិញនេះ​ មានដូចខាងក្រោម​៖

កាអនុវត្តវិធានការច្បាប់មានចំនួន ៤១៩ ករណី ៖

១.ឃាត់ខ្លួន (អប់រំ និងពិន័យ) ចំនួន ៨២៨ នាក់ (បញ្ជូនទៅតុលាការ) ១៤នាក់ 

២.ឃាត់យានយន្ត ចំនួន ៣៣០គ្រឿង

៣.ពិន័យជាប្រាក់ ចំនួន ៤៤,០០០,០០០លានរៀល។

គួរជម្រាបថា​ បើតាមការបញ្ជាក់របស់លោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ​ បានឱ្យដឹងថា​ ការអនុវត្តចាប់ពីយប់ថ្ងៃទី៣០​ ខែកក្កដា ឆ្នាំ២០២១កន្លងទៅ គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានអនុវត្តការផាកពិន័យចំពោះអ្នកល្មើសបម្រាមគោចរពាក់ព័ន្ធនឹងការបិទខ្ទប់រាជធានីភ្នំពេញចាប់ពីម៉ោង៩យប់ដល់ម៉ោង៣ទៀបភ្លឺ ដោយអនុវត្តយ៉ាងម៉ឺងម៉ាត់បំផុតគ្មានការលើកលែងឡើយ ហើយបើល្មើសធ្ងន់ធ្ងរអាចបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តទៀត។​ មិនតែប៉ុណ្ណោះ​អ្នកល្មើសនឹងបម្រាមគោចរ ចាប់ពីម៉ោង៩យប់ដល់ម៉ោង៣ទៀបភ្លឺត្រូវផាកពិន័យយ៉ាងធ្ងន់ធ្ងរ គឺម៉ូតូ២០ម៉ឺនរៀល រថយន្ត១លានរៀល។​

គួរបញ្ជាក់ថា​ ដោយគិតពីសុខភាពនិងអាយុជីវិតបងប្អូនប្រជាពលរដ្ឋ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន​ បានចេញសេចក្តីសម្រេចបិទខ្ទប់ខេត្តចំនួន៨រួចហើយ ដើម្បីកុំឲ្យមានការរីករាលដាលនៃជំងឺកូវីដបំប្លែងថ្មីនេះ។​ ទេីប​រដ្ឋបាលរាជធានីភ្នំពេញ​ ក៏បានសម្រេចបិទបម្រាមគោចរចាប់ពីម៉ោង៩យប់ដល់ម៉ោង៣ទៀបភ្លឺផងដែរ ដើម្បីរក្សាអាយុជីវិតបងប្អូនប្រជាពលរដ្ឋខណៈដែលជំងឺនេះបាននិងកំពុងរីករាលដល់យ៉ាងខ្លាំង គួរឲ្យព្រួយបារម្ភ៕

ដោយ​៖សហការី​


ចែករំលែក៖