ភ្នំពេញ៖ បន្ទាប់ពីមានកិច្ចប្រតិបត្តិការរបស់កងកម្លាំងបញ្ជាការដ្ឋានពិសេសលេខ៩១១ សហការជាមួយកងពលតូចថ្មើរជើងលេខ៧១១ នឹងសហការជាមួយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយក្នុងការចុះរាវរកសពរបស់យុវជនម្នាក់ដែលមានសតិមិនគ្រប់ ហើយបានរអិលជើងធ្លាក់ចូលទៅក្នុងស្រះទឹកដែលស្ថិតនៅក្នុងវត្តព្រះបាមីវង្កតបូរីកបិលភ័ស្ត (ហៅវត្តទួលក្រសាំង) ដែលស្ថិតនៅក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញបានរកឃើញហើយ នៅវេលាម៉ោង៥និង៤៨ នាទីល្ងាចថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១នេះ។
សូមរំលឹកផងដែរថា ៖ យុវជនម្នាក់មានសតិមិនគ្រប់រអិលជើងធ្លាក់ចូលទឹកស្រះក្នុងវត្ត ខណៈដែលចុះចាប់ត្រីលេង បណ្ដាលឲ្យលិចបាត់ខ្លួន កាលពីវេលាម៉ោង៣និង០០នាទីរសៀលថ្ងៃទី៨ ខែ សីហាឆ្នាំ២០២១ដែលស្ថិតនៅក្នុងវត្តព្រះបាមីវង្កតបូរីកបិលភ័ស្ត (ហៅវត្តទួលក្រសាំង) ដែលស្ថិតនៅក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ជនរងគ្រោះមានឈ្មោះ អ៊ួង សុភា មានអាយុ១៧ឆ្នាំ មានស្រុកកំណើតនៅភូមិតាត្រាវ ឃុំកំពង់ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង។
តាមប្រភពព័ត៌មានស្រ្តីម្នាក់ឈ្មោះកើត សុភ័ន្តត្រូវជាម្តាយជនរងគ្រោះបានប្រាប់ឲ្យដឹងថាកន្លងមកកូនរបស់គាត់តែងតែចូលមកដើរលេងនៅខាងក្នុងវត្តជាមួយនឹងក្មេងៗជារៀងរាល់ថ្ងៃ លុះមកដល់ថ្ងៃកើតហេតុស្រាប់តែមានប្រជាពលរដ្ឋដែលស្គាល់កូនរបស់គាត់បានប្រាប់ទៅរូបគាត់ថា កូនរបស់គាត់បានរអិលជើងធ្លាក់ចូលស្រះទឹក ក្នុងវត្តដែលមានជម្រៅប្រមាណជាង១២ ទៅ១៣ម៉ែត្រ លិចបាត់ខ្លួនបាត់ទៅហើយ ភ្លាមៗនោះបងប្រុសបង្កើតរបស់ជនរងគ្រោះ បានមកមុចទឹករាវរកសពរបស់ប្អូនរបស់គាត់អស់រយៈពេលជាង ២ ទៅ៣ម៉ោង តែរកមិនឃើញនោះទេ ហើយក៏បានទំនាក់ទំនងទៅសមត្ថកិច្ចមូលដ្ឋានតែម្ដង។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចទីតាំងកន្លែងកើតហេតុ និងបានទាក់ទងទៅគណៈកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយជួយអន្តរាគមន៍ ហើយដោយមានកិច្ចសហប្រតិបត្តិការរបស់កងកម្លាំងបញ្ជាការដ្ឋានពិសេស៩១១ សហការជាមួយកងពលតូចថ្មើរជើងលេខ៧១១ ហើយបានចុះមុជទឹករាវរកអស់រយៈពេលប្រហែលជា២០ នាទីទើបរកសពរបស់យុវជនខាងលើនេះឃើញវិញ បច្ចុប្បន្នសពជនរងគ្រោះត្រូវបានសមត្ថកិច្ចដឹកយកមករក្សាទុកនៅវត្តទឹកថ្លារង់ចាំធ្វើការពិនិត្យសំណាក និងប្រគល់ឱ្យសាច់ញាតិយកចាត់ចែងធ្វើបុណ្យតាមប្រពៃណី។
ដោយ៖ និនសុភ័ស្ត