ភ្នំពេញ៖ លោក ម៉ុក ច័ន្ទករុណា អភិបាលរង នៃគណៈអភិបាលខណ្ឌដូនពេញ នៅព្រឹកថ្ងៃចន្ទ ០១កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង០៩ និង០០នាទី បានដឹកនាំក្រុមការងាចម្រុះខណ្ឌ ចុះសម្របសម្រួលជូនក្រុមគ្រូពេទ្យសម្តេចតេជោ យកសំណាកលើកទី១ បុគ្គលិកក្រុមហ៊ុន អាណាណា កុំព្យូទ័រ ( Anana ) ចំនួនសរុប ២១នាក់ ( ស្រី ០៦នាក់ ) ស្ថិតនៅមហាវិថីព្រះនរោត្តម ភូមិ២ សង្កាត់បឹងរាំង ខណ្ឌដូនពេញ ។
ជាក់ស្ដែងក្នុងប្រតិបត្តិការរបស់ក្រុមគ្រូពេទ្យសម្តេចតេជោ យកសំណាកលើកទី១ បុគ្គលិកក្រុមហ៊ុន អាណាណា កុំព្យូទ័រ ជាលទ្ធផល បុគ្គលិកទាំង២១នាក់ អវិជ្ជមានទាំងអស់ ។
ដោយឡែក ក្រុមគ្រូពេទ្យ បានយកសំណាកបុគ្គលិកទាំង២១នាក់ ទៅធ្វើតេស្តបន្តជាមួយម៉ាសុីន PCR ផងដែរ។
ជាមួយគ្នានេះ អាជ្ញាធរខណ្ឌដូនពេញ ដើម្បីចូលរួមទប់ស្កាត់នូវការចម្លងជំងឺកូវីដ-១៩ ឱ្យកាន់តែមានប្រសិទ្ធភាព សូមជំរុញឱ្យប្រជាពលរដ្ឋគ្រប់រូប ចងចាំ និងចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្លួនជានិច្ចនូវវិធានការការពារខ្លួនសាមញ្ញៗ និងត្រូវបន្ដប្រុងប្រយ័ត្នផ្ទាល់ខ្លួនពីការឆ្លងជំងឺកូវីដ-១៩ ដោយអនុវត្តឱ្យខាងតែបាននូវវិធានការ «បីកុំ និង បីការពារ» ៕
ដោយ៖ សហការី