ព័ត៌មានទាន់ហេតុការណ៍៖

លោក​ ជួន​ ណារិន្ទ​៖ ប្រគល់រថយន្តម៉ាក Ford Ranger ចំនួន ០២គ្រឿង ជូនដល់អធិការដ្ឋាននគរបាលក្រុងកោះរ៉ុង និងអធិការដ្ឋាននគរបាលស្រុកស្ទឹងហាវ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃចន្ទ ១កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១នេះ​ បានរៀបចំពិធី ប្រគល់-ទទួល រថយន្តម៉ាក Ford Ranger Pick-Up 3.2L ផលិតឆ្នាំ២០២១ ចំនួន ០២គ្រឿង ជូនដល់អធិការដ្ឋាននគរបាលក្រុងកោះរ៉ុង និងអធិការដ្ឋាននគរបាលស្រុកស្ទឹងហាវ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេច​ក្រឡា​ហោម​ ស​ ខេង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ ។

នាឱកាសនោះដែរ លោកឧត្តមសេនីយ៍ទោស្នងការ បាននាំយកនូវប្រសាសន៍ផ្តាំផ្ញើ និងណែនាំ របស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏ដូចជា លោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដល់អធិការក្រុង-ស្រុក ថាត្រូវប្រើប្រាស់ រថយន្ដនេះ ឱ្យបានត្រឹមត្រូវ និងថែទាំរថយន្ដ ឱ្យប្រើប្រាស់ បានយូរអង្វែងក្នុងការបំពេញបេសកកម្ម ជូនជាតិ និងប្រជាពលរដ្ឋ។

គួរបញ្ជាក់ថា​ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃសុក្រទី៦ ខែសីហា ឆ្នាំ២០២១កន្លងទៅ​ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់រថយន្ត Ford Ranger Pick-up ចំនួន៨៧គ្រឿង ដល់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីបែងចែកជូនអធិការដ្ឋាននគរបាល ក្រុង ស្រុក។ដោយ​ឡែក​យោងតាមរបាយការណ៍របស់លោកនាយឧត្តមសេនីយ៍ សេង យូអ៊ាន់ អគ្គនាយកនៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ​ ក៏ធ្លាប់បាន​អះអាងថា​៖ គិតចាប់តាំងពីឆ្នាំ២០១៩មក សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានផ្ដល់អំណោយរថយន្ត Pikc-up ចំនួន៤លើក សរុប១៥៨គ្រឿង ដល់អង្គភាពចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ ក្នុងនោះរួមមាន៖ ស្នងការដ្ឋាននគរបាលខេត្តចំនួន ២២គ្រឿង វរសេនាតូចនគរបាលការពារព្រំដែនចំណុះភូមិភាគ៤ និងភូមិភាគ៥ចំនួន ១៦គ្រឿង ក្រុមល្បាតត្រួតពិនិត្យបទល្មើសចរាចរណ៍ផ្លូវគោកលើផ្លូវជាតិលេខ៤ និងលេខ៥ ចំនួន ៤គ្រឿង អធិការដ្ឋាននគរបាលខណ្ឌតាមរយៈស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចំនួន ១៣គ្រឿង និងអធិការដ្ឋាននគរបាល ក្រុង ស្រុក ខណ្ឌចំនួន១០៣គ្រឿង៕

ដោយ៖សហការី


ចែករំលែក៖