ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមតាលីបង់សម្លាប់ប្រធានវិទ្យុ ២រូប និងចាប់ខ្លួនអ្នកសារព័ត៌មានអាហ្វហ្គានីស្ថាន២នាក់

ចែករំលែក៖

ខ្មាន់កាំភ្លើងក្រុមតាលីបង់ បានបាញ់សម្លាប់លោក Toofan Omar ប្រធានវិទ្យុ Paktia Ghag ក្នុងទីក្រុងកាប៊ុល និងជាសមាជិក គាំទ្រសេរីភាពសារព័ត៌មានឯករាជ្យ NAI នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ។
សារព័ត៌មានរ៉យទ័របានដកស្រង់សម្តីមន្ត្រីក្នុងតំបន់ដែលបានឱ្យដឹងនៅថ្ងៃទី៩ខែសីហាថា ខ្មាន់កាំភ្លើង បានសម្លាប់ប្រធានវិទ្យុ និងចាប់ខ្លួនអ្នកសារព័ត៌មានម្នាក់នៅក្នុងខេត្ត Helmand ស្ថិតនៅភាគខាងត្បូងប្រទេសនេះ។
ជាមួយគ្នានេះដែរ ការវាយប្រហារគ្នារវាងកម្លាំងទាហានរដ្ឋាភិបាលអាហ្វហ្គានីស្ថាន នឹងក្រុមតាលីបង់ បានសម្លាប់ខ្មាន់កាំភ្លើងតាលីបង់ ជាច្រើននាក់។ ក្រសួងមហាផ្ទៃអាហ្វហ្គានីស្ថាន នាថ្ងៃចន្ទនេះបានឱ្យដឹងថា ក្រុមសកម្មប្រយុទ្ធតាលីបង់យ៉ាងហោចណាស់ក៏២០នាក់ដែរត្រូវបានសម្លាប់ និង៨នាក់ទៀតបានរងរបួស ក្រោយប៉ះទង្គិចគ្នាជាមួយកងទ័ពរដ្ឋាភិបាល ពេលពួកគេបើកការវាយប្រហារលើទីក្រុង Aybak ដែលជាទីក្រុងធំរបស់ខេត្ត Samangan នៅភាគខាងជើង កាលពីយប់ថ្ងៃអាទិត្យកន្លងទៅ។
បើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងមហាផ្ទៃអាហ្វហ្គានីស្ថានបានឱ្យដឹងថា ក្រុមតាលីបង់បាននាំគ្នាដកថយទៅវិញ បន្ទាប់ពីបានបាត់បង់កម្លាំងបែបនេះ។ ពួកគេបានសម្រុកចូលទីក្រុង Aybak ពីទិសដៅផ្សេងៗគ្នា ដើម្បីព្យាយាមដណ្តើមកាន់កាប់ទីក្រុងនេះថែមទៀត។ ក្នុងថ្ងៃអាទិត្យដដែលនោះ ក្រុមតាលីបង់ បានវាយដណ្តើមយកបានទីក្រុងធំៗចំនួន៣ ដោយគិតតាំងពីថ្ងៃសុក្រសប្តាហ៍មុនមក គឺទីក្រុងសំខាន់ៗសរុបចំនួន៥បានធ្លាក់ក្នុងកណ្តាប់ដៃរបស់ក្រុមតាលីបង់។
ខេត្ត ក្រុងជាច្រើន រួមទាំងប្រមាណជាពាក់កណ្តាលនៃខេត្តទាំង៣៤ របស់ប្រទេសអាហ្វហ្គានីស្ថាន បានក្លាយជាសមរភូមិប្រយុទ្ធយ៉ាងក្តៅគគុក រវាងក្រុមតាលីបង់ នឹងយោធាអាហ្វហ្គានីស្ថាន៕ដោយ៖ធីរីណា

(រូបថត៖ AFP/VNA)


ចែករំលែក៖