ខេត្តសៀមរាប៖ រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១នេះ ទទួលអំណោយប៉ៅអុីចល័តចំនួន ៥០គ្រឿង ក្តារមឈូស ៣០ ពីសប្បុរសជន របស់ក្រុមហ៊ុន ST Premier Residence ដើមី្បចូលរួមចំណែកប្រយុទ្ធនឹងកូវីដ-១៩ជាមួយរាជរដ្ឋាភិបាល និង ភាពចាំបាច់ចំពោះមុខរបស់រដ្ឋបាល ក្រោមវត្តមានរបស់លោក ពិន ប្រាកដ អភិបាលរងនៃគណៈអភិបាលខេត្ត។
តាមការបញ្ជាក់ពីតំណាងក្រុមហ៊ុន ST Premier Residence បានឲ្យដឹងថា ក្នុងពេលវេលានេះ យើងត្រូវតែចាំបាច់ចូលរួមជាមួយរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ក្នុងពេលដែលប្រជាពលរដ្ឋបាន កំពុងជួបនូវវិបត្តិជំងឺកូវីដ-១៩ សំខាន់ក្នុងពេលតម្រូវការចាំបាច់ចំពោះមុខរបស់រដ្ឋបាលខេត្តសៀមរាបក្នុងការប្រយុទ្ធប្រឆាំង បង្កាទប់ស្កាត់ និង កាត់ផ្តាច់ ខ្សែចម្លងជំងឺកូវីដ-១៩ នៅក្នុងខេត្តសៀមរាប ។
ក្នុងនាមលោក ទៀ សីហា អភិបាលខេត្ត និងលោក ពិន ប្រាកដ ក៏បានធ្វើការថ្លែងអំណរគុណចំពោះទឹកចិត្តដ៏សប្បុរសធម៌ របស់ក្រុមហ៊ុន ST Premier Residence ដែលបានផ្តល់ជូននូវសម្ភារៈ ក្នុងកិច្ចបម្រើដល់យុទ្ធនាការ ប្រយុទ្ធប្រឆាំងបង្កា ទប់ស្កាត់ជំងឺកូវីដ-១៩ ដល់រដ្ឋបាលខេត្តសៀមរាប សំដៅសម្រាប់យកទៅប្រើប្រាស់នៅតាមមណ្ឌលចត្តាឡីស័ក។
ជាមួយគ្នានេះ លោកអភិបាលរងខេត្ត ក៏បានជម្រាបជូនដល់សប្បុរសជនថា ក្នុងករណីដែលកម្ពុជាយើង បានកំពុងជួបនូវវិបត្តិជំងឺកូវី-១៩ ក្នុងព្រឹត្តការណ៍សហគមន៍ ២០កុម្ភៈ ២០២១នេះ អាជ្ញាធរខេត្តបានធ្វើការពង្រីកបន្ថែមនូវមណ្ឌលចត្តាឡីស័ក ជាច្រើនកន្លែង ក្នុងការទទួលបងប្អូនធ្វើចំណាកស្រុកមកពីក្រៅប្រទេស ព្រមទាំងទីកន្លែងសម្រាប់ធ្វើការព្យាបាល អ្នកវិជ្ជមាន ជំងឺកូវីដ-១៩ផងដែរ ។ ម៉្យាងទៀតលោកក៏បានសំណូមពរ ដល់ក្រុមហ៊ុន ក៏ដូចសប្បុរសជន បន្តនូវប្រពៃណីវប្បធម៌ចែក រំលែកនេះ ទៅតាមបណ្តាក្រុង ស្រុក ទៀតផងដែរ ។
ក្នុងនោះដែរលោក អភិបាលរងខេត្ត ក៏បានឲ្យដឹងផងដែរថា ក្នុងជំហានទី២ នៃការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋនៅខេត្តសៀមរាប បានបន្តចាក់វ៉ាក់សាំងនូវដូសទី២ ជូនប្រជាពលរដ្ឋក្នុងក្រុង ស្រុកទាំង១២របស់ខេត្ត ។ ដោយឡែកសម្ភារទាំងនេះរដ្ឋបាលខេត្តនឹងបន្តយកទៅដាក់សម្រាប់ប្រើប្រាស់ នៅតាមមណ្ឌល ក្នុងក្រុង និង តាមបណ្តាស្រុកផងដែរ ។
បន្ថែមពីនេះ លោកក៏បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សំខាន់នៅខេត្ត សៀមរាប សូមបងប្អូនត្រូវចូលរួមសហការអនុវត្តវិធានការណ៍របស់ រាជរដ្ឋាភិបាល ៣កុំ ៣ការពារ ឲ្យមានប្រសិទ្ធភាពខ្ពស់បំផុត និង បន្តប្រកាន់នូវវិធានសុខាភិបាលឲ្យបានខ្ជាប់ខ្ជួនទៀតផង ៕
ដោយ៖សហការី