ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តកូរ៉េបេីកឡើងលើសួនច្បារពុះចែកទ្រូងផ្លូវនៅជិតវត្តជេីងឯក និងបុកបង្គោលភ្លើងរងការខូចខាត

ចែករំលែក៖

ភ្នំពេញ ៖ រថយន្តកូរ៉េមួយគ្រឿងបេីកបរដោយបុរសម្នាក់បានរេចង្កូតឡើងលើសួនច្បារពុះចែកទ្រូងផ្លូវជ្រុលទៅបុកបង្គោលភ្លើងមួយដេីមបណ្តាលឲ្យទ្រេត កាលពីវេលាម៉ោង ៣និង ១៥នាទីរសៀលថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១ នៅជិតវត្តជេីងឯក តាមបណ្ដោយផ្លូវ ២១៧ ក្នុងភូមិរលួស សង្កាត់ជើងឯក ខណ្ឌដង្កោ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់បើករថយន្ត កូរ៉េ ពណ៌ស ពាក់ស្លាកលេខ សៀមរាប 2A-6984 ធ្វេីដំណេីរតាមបណ្តោយផ្លូវ២១៧ ទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុសង្ស័យថាអ្នកបើកបរងងុយដេកក៏បានរេចង្កូតឡើងលើសួនច្បារពុះចែកទ្រូងផ្លូវជ្រុលទៅបុកបង្គោលភ្លើងបណ្ដាលឲ្យទ្រេត ឯរថយន្តបង្កទៅលែងរួច តែសំណាងល្អមិនមានអ្នកគ្រោះថ្នាក់នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលជើងឯក សហការជាមួយសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌដង្កោ បានចុះទៅយកអ្នកបើកបររួមនឹងរថយន្តមកសាកសួរនៅអធិការរដ្ឋាននគរបាលខណ្ឌដង្កោ នឹងទំនាក់ទំនងទៅខាងក្រុមហ៊ុនអគ្គិសនីដើម្បីមកធ្វើការសម្របសម្រួលជាមួយអ្នកបើកបររថយន្តបង្ក បញ្ចប់រឿង ៕

ដោយ ៖ ភារ៉ា ដង្កោ


ចែករំលែក៖