ព័ត៌មានទាន់ហេតុការណ៍៖

ត្រូវយល់ថា ! ក្រសួង​សុខាភិបាល​ មិន​អនុញ្ញាត​ឱ្យអ្នកឆ្លង​កូវីដ​-១៩​ ប្រភេទ​ ដែល​តា​ ព្យាបាល​នៅតាមផ្ទះទេ​ គឺ​ ត្រូវ​ព្យាបាល​នៅ​មន្ទីរពេទ្យដែលបានកំណត់​ដោយ​ក្រសួង​សុខាភិបាល​

ចែករំលែក៖

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្តរក្រសួងប្រយុទ្ធនឹងជំងឺកូវីដ-១៩ ជម្រាបជូន លោក លោកស្រីប្រធានមន្ទីរសុខាភិបាលរាជធានី-ខេត្ត លោក លោកស្រី ទទួលបន្ទុកមន្ទីរពេទ្យព្យាបាលជំងឺកូវីដ-១៩ និង មណ្ឌលព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាល នៅថ្នាក់ជាតិ និងរាជធានី-ខេត្ត ទាំងអស់ ។
កម្មវត្ថុ៖ លក្ខខណ្ឌនៃការបញ្ចប់ការព្យាបាលជំងឺកូវីដ-១៩ ប្រភេទដែលតា (បានបញ្ជាក់ដោយមន្ទីរពិសោធន៍ ឬស្ថិត ក្នុងករណីសង្ស័យ)។

យោង: សារាចរលេខ ០៥សរ ចុះថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការរៀបចំ មណ្ឌលចត្តាឡីស័ក និងមណ្ឌលព្យាបាលនៅតាមបណ្តារាជធានី-ខេត្ត ដើម្បីទទួលយកពលករខ្មែរ ដែលវិលត្រឡប់មកពីប្រទេសថៃតាមព្រំដែនគោក។

សេចក្តីដូចមានចែងក្នុងកម្មវត្ថុ និងយោងខាងលើ ក្រសួងសុខាភិបាលសូមជម្រាបជូន លោក លោកស្រី ជ្រាបថា យោងតាមការចាំបាច់ក្នុងការគ្រប់គ្រងការព្យាបាលជំងឺកូវីដ-១៩ ជាពិសេសដោយផ្អែកទៅតាម ទិន្នន័យផ្នែកអេពីដេមីសាស្ត្រ នៃការឆ្លងរាលដាលនៃវីរុសកូវីដ-១៩ បំប្លែងខ្លួនថ្មី ប្រភេទដែលតា (Delta Variart) ព្រមទាំង ការសិក្សាស្រាវជ្រាវពីលទ្ធភាពចម្លងនិងរយៈពេលសកម្មរបស់វីរុសបំប្លែងខ្លួនថ្មីនេះ អ្នកជំងឺកូវីដ-១៩ ប្រភេទដែលតា (ដែលបានបញ្ជាក់ដោយមន្ទីរពិសោធន៍ ឬស្ថិតក្នុងករណីសង្ស័យ) ទាំងចំពោះករណីនាំចូលពីក្រៅប្រទេស និងករណ៏ក្នុង សហគមន៍ ពុំត្រូវបានអនុញ្ញាតឱ្យធ្វើការព្យាបាលនៅតាមផ្ទះទេ ដោយតម្រូវឱ្យទៅទទួលការព្យាបាលនៅមណ្ឌលព្យាបាល ជំងឺកូវីដ-១៩ ឬមន្ទីរពេទ្យព្យាបាលជំងឺកូវីដ-១៩ ដែលបានកំណត់ អាស្រ័យទៅតាមកត្តាសុខភាពជាក់ស្តែងរបស់អ្នកជំងឺ។ ជាមួយគ្នានេះដែរ អនុគណៈកម្មការបច្ចេកទេស និងព្យាបាល នៃ គ.អ.ក. បានកំណត់នូវលក្ខខណ្ឌនៃការបញ្ចប់ការ ព្យាបាលជំងឺកូវីដ-១៩ ប្រភេទដែលតា ដើម្បីដាក់ឱ្យអនុវត្តនៅតាមរាជធានី-ខេត្តទាំងអស់ ដូចមានជូនភ្ជាប់មកជាមួយ។អាស្រ័យដូចបានជម្រាបជូនខាងលើ សូម លោក លោកស្រី ចូលរួមអនុវត្ត ប្រកបដោយការទទួលខុសត្រូវខ្ពស់។
សូម លោក លោកស្រី ទទួលនូវការរាប់អានដ៏ជ្រាលជ្រៅពីខ្ញុំ៕

ដោយ ៖ សិលា


ចែករំលែក៖