ខេត្តកំពង់ចាម៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានអនុគណៈកម្មការចំពោះកិច្ច ចាក់វ៉ាក់សាំងកូវីដ ១៩ ក្នុងក្របខណ្ឌ ទូទាំងខេត្តកំពង់ចាម បានថ្លែងថា ៖ «យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ នាពេលនេះ គឺបានមកពីគិតគូរ យកចិត្តទុកដាក់ខ្ពស់បំផុត ពីសំណាក់សម្តេចតេជោ ហ៊ុន សែន ទៅដល់ក្មួយៗ ដើម្បី ឲ្យមានសុខភាពមាំមួន ក្នុងការបង្កើនភាពស៊ាំ ឬអង់ទីគ័រការពារ ប្រឆាំងនឹងជំងឺឆ្លងកូវីដ១៩» ។ ការថ្លែងបែបនេះ នៅក្នុងឱកាសដែលលោកអភិបាលខេត្ត អមដំណើរដោយថ្នាក់ដឹកនាំ មន្ទីរ អង្គភាព ស្ថាប័ន ពាក់ព័ន្ធ ជុំវិញខេត្ត និងអាជ្ញាធរមូលដ្ឋាន អញ្ជើញបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដល់កុមារ និងយុវវ័យចាប់ពីអាយុ ១២ឆ្នាំ ដល់ក្រោមអាយុ ១៨ឆ្នាំ នៅមន្ទីរពេទ្យបង្អែក ខេត្តកំពង់ចាម នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១។
លោក អ៊ុន ចាន់ដា មានប្រសាសន៍បន្តថា ក្រៅពីនោះ វ៉ាក់សាំងបង្ការនេះ វាបានចូលរួមចំណែក ជួយកាត់បន្ថយការឆ្លងរាលដាល នៃជំងឺកូវីដ១៩ បានមួយផ្នែកធំបើទោះបីវាមានការឆ្លងមកបុគ្គលដែលបានចាក់ហើយក៏ដោយ ក៏អ្នកជំងឺមិនអាការៈធ្ងន់ធ្ងរ ដល់អាយុជីវិតនោះឡើយ។ លោកអភិបាលខេត្ត ក៏បានថ្លែងបញ្ជាក់ដែរថា ការចាក់វ៉ាក់សាំងបង្ការ នៅក្នុងខេត្តកំពង់ចាម នាពេលនេះដែរ គឺធ្វើឡើងសម្រាប់កុមារ និងយុវវ័យចាប់ពីអាយុ ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ ដែលរដ្ឋបាលខេត្តកំពង់ចាម បានចាប់ផ្តើមចាក់ ចាប់ពីថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១ តទៅនេះ ដោយពេលព្រឹកពីម៉ោង ៧ និង៣០នាទី ដល់ម៉ោង ១១ និង៣០នាទី ពេលរសៀលពីម៉ោង ១និង០០នាទី ដល់ម៉ោង ៤ និង០០នាទីរសៀល ។
ដូច្នេះ លោកអភិបាលខេត្ត អំពាវនាវដល់ប្រជាពលរដ្ឋដែលបាននាំកូន ក្មួយៗ មកទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ខាងលើ ត្រូវមកតាមការកំណត់របស់អាជ្ញាធរ ជៀសវាងមកប្រជ្រៀតគ្នា ធ្វើឱ្យបាត់បង់សណ្ដាប់ធ្នាប់ និងសុវត្ថិភាពផ្សេងៗ។ ទន្ទឹមនោះដែរដែរ ក្រោយទទួលបានវ៉ាក់សាំងបង្ការរួចហើយ សូមប្អូនៗ ក្មួយៗ ត្រូវតែបន្តអនុវត្តនូវវិធានសុខាភិបាល «៣ការពារ និង៣កុំ» ដើម្បី ចូលរួមចំណែកកាត់ផ្តាច់ខ្សែចម្លង និងជៀសឲ្យផុតពីការឆ្លងរាលដាល នៃជំងឺដ៏ដ៏កាចសាហាវនេះ ខណៈដែលនាបច្ចុប្បន្នវីរុសបម្លែងខ្លួនថ្មី ប្រភេទដែលតា (Delta) កំពុងចរាចរណ៍វាយលុកក្នុងប្រទេសកម្ពុជា ក៏ដូចជាបណ្ដាប្រទេសមួយចំនួននៅក្នុងពិភពលោក គួរឲ្យព្រួយបារម្ភផងដែរ ។
បើតាមលោកវេជ្ជបណ្ឌិត គីមសួរ ភីរុណ ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកំពង់ចាម បានបញ្ជាក់ឲ្យដឹងថា យុទ្ធនាការចុះចាក់វ៉ាក់សាំង ជូនដល់កុមារ និងយុវវ័យ ដែលមានអាយុចាប់ពីអាយុ ១២ឆ្នាំ ដល់អាយុក្រោម ១៨ឆ្នាំ នៅទូទាំងខេត្ត ដោយគ្រោងចាក់លើកុមារ និងយុវវ័យ សរុបចំនួន ១១៧.៥៩៨នាក់ ។
ជាមួយនោះ រដ្ឋបាលខេត្តកំពង់ចាម ក៏បានរៀបចំទីតាំង សរុបចំនួន ២២កន្លែង ដែលក្នុងនោះមាន៖ ក្រុងកំពង់ចាម មានចំនួន ១ទីតាំង ស្រុកចំការលើ ៣ទីតាំង ស្រុកស្ទឹងត្រង់ ៣ទីតាំង ស្រុកព្រៃឈរ ៣ទីតាំង ស្រុកជើងព្រៃ ២ទីតាំង ស្រុកបាធាយ ២ទីតាំង ស្រុកស្រីសន្ធរ ៣ទីតាំង ស្រុកកោះសូទិន ១ទីតាំង នឹងស្រុកកងមាស ១ទីតាំង ដើម្បី ជួយសម្រួលដល់ការធ្វើដំណើររបស់ក្មួយៗ ក៏ដូចជា មាតា បិតា ឬអាណាព្យាបាល នៅក្នុងតំបន់ ដើម្បី មកទទួលសេវាខាងលើនេះ ផងដែរ ៕ដោយ៖សហការី
ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម