ព័ត៌មានទាន់ហេតុការណ៍៖

អកុសលម្លេះ!! ទុស្សេខ្សែភ្លេីង​ដាច់ធ្លាក់​ ឆក់យកជីវិតកម្មករលេីកអីវ៉ាន់ម្នាក់នៅផ្លូវ៣៧១​ ខណ្ឌដង្កោ

ចែករំលែក៖

ភ្នំពេញ​ ៖​ គួរឲ្យអាណោចអាធ័មខ្លាំងណាស់​ បុរសជាអ្នកលេីកអីវ៉ាន់ម្នាក់ត្រូវបានខ្សែភ្លើងស្រាតឆក់ស្លាប់ភ្លាមៗ បន្ទាប់ពីទុស្សេខ្សែភ្លើងដាច់ធ្លាក់មកក្រោម​ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋកាលពីវេលាម៉ោង៨ និង៥០នាទីព្រឹកត្រូវថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ ទីតាំងស្ថិតតាមបណ្ដោយផ្លូវ៣៧១ ក្នុងភូមិម័រ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

សពជនរងគ្រោះមានឈ្មោះឡន រីន ភេទប្រុស អាយុ២៣ មុខរបរជាកម្មករ រស់នៅក្នុងភូមិចន្លាត់ដៃ ឃុំទងត្រឡោច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម បច្ចុប្បន្នរស់នៅក្នុងសង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។​ ចំណែកម្ដាយសពមានឈ្មោះហេង​ សុណាត​ អាយុ ៣៨​ ឆ្នាំមុខរបរកម្មកររោងចក្រស្នាក់នៅជាមួយគ្នា និងមានស្រុកកំណើតនៅភូមិចន្លាត់ដៃ ឃុំទងត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។

​ តាមប្រភពព័ត៌មានពីកម្មករលេីកអីវ៉ាន់ដូចគ្នាបានប្រាប់ឲ្យដឹងថា​ មុនពេលកើតហេតុមានករណីឆ្លងចរន្ដអគ្គីសនីឆាបឆេះបង្គោលដាច់ខ្សែភ្លេីងស្រាតធ្លាក់មកក្រោមបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋរួចក៏ឃើញជនរងគ្រោះខាងលើបានយកបំពង់ពន្លត់អគ្គីភ័យយកមកជួយបាញ់ពន្លត់ ខណះពេលដែលខ្សែភ្លើងកំពុងតែឆាបឆេះផ្ទុះខ្លាំង ដោយសារតែជនរងគ្រោះនៅជិតខ្សែភ្លើងស្រាតពេក​ និងមិនបានប្រយ័ត្នក៏ត្រូវឆក់ស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុតែម្ដង ក្រោយពេលកើតហេតុក៏ឃើញមានខាងEDCមកដល់ទីតាំងកើតហេតុខាងលើបានមកបិទកាប៊ីនភ្លើង។ក្រោយពេលកើតហេតុ​ ក៏ឃេីញវត្តមានម្ដាយបង្កេីតសពជនរងគ្រោះមកដល់និងទ្រហោយំសោកស្ដាយជាខ្លាំង​ ក្នុងនោះសមត្ថកិច្ចមូលដ្ឋានខណ្ឌដង្កោចុះមកដល់ចំនុចកើតហេតុបានសហការជាមួយកម្លាំងសមត្ថកិច្ចជំនាញត្រួតពិនិត្យសពខាងលើនិងធ្វើកំណត់ហេតុរួចក៏ប្រគល់សពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី​ ៕​

ដោយ៖ ភារ៉ា ដង្កោ


ចែករំលែក៖