ព័ត៌មានទាន់ហេតុការណ៍៖

ផលិតកម្មសាស្ត្រា ប្រកាសថា អាង សុជាតា នឹងក្លាយជាតួឯកក្នុងរឿង”មនុស្សហ្សេរ៉ូ” រដូវកាលទី៣

ចែករំលែក៖

ភ្នំពេញ៖ គេនៅចាំបានថា ខ្សែភាពយន្តជីវិតរឿង «មនុស្សហ្សេរ៉ូ» គឺជាខ្សែភាពយន្តភាគជីវិតដ៏ល្បីល្បាញធ្លាប់បានផលិតឡើងចំនួន២វគ្គរួចមកហើយ រហូតផ្ទុះចេញនូវការគាំទ្រខ្លាំងពីក្រុមអ្នកនិយមតាមដានខ្សែភាពយន្តភាគលើបណ្តាញសង្គម និងលើកញ្ចក់ទូរទស្សន៍នោះ។ អ្វីដែលធ្វើឲ្យទស្សនិកមានការចាប់អារម្មណ៍បំផុតនោះ គឺក្រោយពីគណនីយហ្វេសប៊ុកផ្លូវការរបស់ផលិតកម្មនេះបានបញ្ចេញរូបថតPosterថ្មី ដែលបង្ហាញពីវត្តមានតារាសម្តែងស្រីវ័យក្មេង អាង សុជាតា ហៅឈូឈូ ចូលរួមសម្តែងក្នុងខ្សែភាពយន្តនេះ។
បន្ទាប់ពីមានការទម្លាយដំណឹង និងបញ្ចេញPoster នេះមក មានអ្នកលេងបណ្តាញសង្គមជាច្រើនបានបញ្ចេញយោបល់គាំទ្រ និងស្នើឲ្យផលិតកម្មឆាប់បញ្ចេញស្នាដៃនេះឱ្យកាន់តែលឿនកាន់តែល្អ។ មិនតែប៉ុណ្ណោះក៏មានការលើកឡើងថា មកលើកនេះ អាង សុជាតា បានតុបតែងខ្លួនថ្មីប្លែកបែបក្មេងទំនើងខុសពីខ្សែភាពយន្តដែលកន្លងមកនាងនិយមសម្តែងភាគច្រើនជាតួអង្គកម្សត់ស្លូតបូតនោះ។
កន្លងទៅ ខ្សែភាពយន្តជីវិតរឿង «មនុស្សហ្សេរ៉ូ» វគ្គដំបូងដែលត្រូវបានបញ្ចេញកាលពីអំឡុងខែមេសាឆ្នាំ២០២០កន្លងទៅ គឺទទួលបានការគាំទ្រច្រើនលើសលប់ ព្រោះតែជាខ្សែភាពយន្តដែលបានឆ្លុះបញ្ចាំងពីតថភាពជ្រុងមួយរបស់សង្គមគ្រួសារក្នុងសង្គមខ្មែរនាពេលបច្ចុប្បន្ន ពិសេសទៅលើរឿងរ៉ាវស្នេហាយុវ័យដែលមិនមានការឯកភាពពីឪពុកម្តាយ។ ខ្សែភាពយន្តនេះត្រូវបានចាក់បញ្ចាំងទាំងនៅលើគេហទំព័រផលិតកម្មសាស្ត្រា និងនៅលើកញ្ចក់ទូរទស្សន៍ប៉ុស្តិ៍បាយ័ននោះ។ ខ្សែភាពយន្តនេះសម្តែងដោយតារាប្រុស លោកព្រីន លោក ជា សំណាង កញ្ញា កែវ ស្រីណាក់ជាដើម។ ខណៈដែលខ្សែភាពយន្តនេះវគ្គទី២ត្រូវបានបញ្ចេញនាអំឡុងដើមខែឧសភា ឆ្នាំ២០២០ និងនៅតែទាក់ចិត្តក្រុមអ្នកគាំទ្រយ៉ាងច្រើនផងដែរ។ មុននេះ ផលិតកម្មបានប្រកាសអំពីវត្តមានខ្សែភាពយន្តនេះក្នុងវគ្គទី៣ ដែលមានតារាសម្តែងស្រី អាង សុជាតា ហៅ ឈូឈូនោះផងដែរ។ ផលិតកម្មបានបញ្ជាក់ថា តារាសម្តែង អាង សុជាតា នឹងចូលរួមជាតួអង្គសម្តែងក្នុងរឿង«មនុស្សហ្សេរ៉ូ» រដូវកាលទី៣”នេះ។ សាច់រឿងនឹងកាន់តែប្លែកខុសពីរដូវកាលទី១ និងទី២យ៉ាងណា បន្ទាប់ពី អាហ្សេរ៉ូ បាន
ជួបនាងហ្សេរ៉ូ? ខណៈដែលខ្សែភាពយន្តនេះនឹងចាក់បញ្ចាំងជាផ្លូវការក្នុងពេលដ៏ខ្លីខាងមុខនេះ៕

ដោយ ៖ វឌ្ឍនា


ចែករំលែក៖