ភ្នំពេញ៖ លោកនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ នាព្រឹកថ្ងៃអង្គារ ២កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយបទកំណត់ ស្តីពីការគ្រប់គ្រង និងការប្រើប្រាស់ប្រព័ន្ធទិន្នន័យមុខសញ្ញាអន្តោប្រវេសន៍ តាមប្រព័ន្ធហ្សូម (Zoom) ។
ក្នុងកិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពីលោកអគ្គនាយករង ប្រធាននាយកដ្ឋាន នាយប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិ ប្រធានក្រុមផ្តល់ទិដ្ឋាការ និងមន្ត្រីជំនាញជាច្រើនរូប។
លោកនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក បានមានមតិដឹកនាំដល់នាយកដ្ឋានពាក់ព័ន្ធទាំងអស់ សហការផ្តល់ព័ត៌មានចាំបាច់ដល់នាយកដ្ឋានជនបរទេសមិនមែនអន្តោប្រវេសន្ត និងបច្ចេកវិទ្យា។
ក្នុងនោះដែរ លោកអគ្គនាយក បានឱ្យក្រុមការងារធ្វេីបច្ចុប្បន្នភាពមុខសញ្ញាឱ្យបានទៀងទាត់ និងរក្សាការសម្ងាត់នូវការងារជំនាញ ជាពិសេសការរក្សាទុកនូវទិន្នន័យទាំងអស់ជាឯកសារ និងរក្សាទុកក្នុងប្រព័ន្ធអេឡិត្រូនិច។
លោកនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ ក៏បានណែនាំដល់មន្ត្រីជំនាញ និងមន្ត្រីតាមច្រកទ្វារ ដែលអាចចូលពិនិត្យក្នុងប្រព័ន្ធបាន សូមរក្សានូវការងារសម្ងាត់ ត្រូវជៀសវៀងការចូលឆែកប្រព័ន្ធក្នុងន័យមិនល្អ ហេីយប្រធានអង្គភាពត្រូវមានចំណាត់ការដល់មន្ត្រីណាប្រព្រឹត្តល្មេីសនឹងបទវិន័យ។
ឆ្លៀតក្នុងឱកាសនេះដែរ នាយឧត្តមសេនីយ៍ អគ្គនាយក បានជូនពរដល់ថ្នាក់ដឹកនាំ ក្រុមការងារទាំងអស់នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សុខភាពល្អ ជៀសផុតពីជំងឺរាតត្បាតទាំងអស់៕
ដោយ៖ សហការី