ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលខេត្តព្រះសីហនុប្រកាសថា នឹងបើកឲ្យដំណើរការលក់ដូរនៅផ្សារលើក្រុងព្រះសីហនុឡើងវិញ !

ចែករំលែក៖

ខេត្តព្រះសីហនុ, រដ្ឋបាលខេត្តព្រះសីហនុប្រកាសថា នឹងបើកឲ្យដំណើរការលក់ដូរនៅផ្សារលើក្រុងព្រះសីហនុឡើងវិញ បន្ទាប់ពីការធ្វើតេស្តយកសំណាក រកមើលជំងឺកូវីដ១៩ ដល់អាជីវករលក់ដូរទាំងអស់ដែលមានចំនួនជាង១៦០០នាក់រួចរាល់ ហើយនៅរសៀលថ្ងៃទី ១០ ខែសីហាឆ្នាំ ២០២១ លោក គួច ចំរើន អភិបាល ខេត្តព្រះសីហនុបានដឹកនាំមន្ត្រីអញ្ជើញចុះពិនិត្យដោយផ្ទាល់ការរៀបចំសណ្តាប់ធ្នាប់និងវិធានការសុវត្ថិភាពតាមកន្លែងលក់ដូរ ក្រោយផ្សារលើ ក្រុងព្រះសីហនុត្រូវបានអាជ្ញាធរបិទផ្អាកអស់រយៈពេលជាច្រើនខែមកហើយដោយសារជំងឺកូវីដ១៩។

 លោកអភិបាលខេត្ត បានថ្លែងអំណរគុណចំពោះបងប្អូនអាជីវករដែលបានចូលរួមសហការជាមួយអាជ្ញាធរ ក្រុង ខេត្ត ក៏ដូចជាគណៈកម្មការផ្សារដើម្បីចូលរួម ទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ដោយស្ម័គ្រចិត្តយកសំណាកបានគ្រប់ៗគ្នា ដូចនេះមុនដាក់ឲ្យដំណើរការឡើងវិញ កុំឲ្យឆ្លងជំងឺកូវីដ១៩ នៅក្នុងទីប្រជុំជនផ្សារ សូមបងប្អូនអាជីវករ ផ្សារលើទាំងអស់មកយកសំណាកសាជាថ្មីចាប់ពីថ្ងៃទី១១ ខែសីហាឆ្នាំ ២០២១ តទៅ ទើបអាជ្ញាធរឲ្យដំណើរការអាជីវកម្មលក់ដូរឡើងវិញជាធម្មតា។

សូមជម្រាបថាចំពោះអាជីវករលក់ដូរទាំងអស់ ត្រូវអនុវត្តតាមវិធានការរបស់ ក្រុមការងារគណៈកម្មការអនុគណៈកម្មការនឹង អ្នកគ្រប់គ្រងផ្សារ ដែលបានកំណត់គឺ ត្រូវអនុវត្ត តាមការណែនាំរបស់ក្រសួងសុខាភិបាលរក្សាគម្លាតសុវត្ថិភាពនិងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាគឺ ៣កុំ៣ ការពារឲ្យបានជាប់ជាប្រចាំ។

ចំពោះការបើកផ្សារទូទាំងខេត្តព្រះសីហនុ ឡើងវិញ ដែលបានបិទកន្លងមក ជំហានដំបូងគឺបើកដំណើរការពីផ្សារលើក្រុងព្រះសីហនុ ចំពោះផ្សារផ្សេងៗទៀតគឺអាស្រ័យទៅលើ ការរៀបចំនិងអនុវត្តបានត្រឹមត្រូវតាមការណែនាំរបស់ក្រុមការងារគណៈកម្មការនិងអនុគណៈកម្មការចុះវាយតម្លៃបើគ្រប់លក្ខន្តិកៈនឹងបើកឲ្យដំណើរការជាធម្មតាឡើងវិញផងដែរ៕

ដោយ ៖ សិលា


ចែករំលែក៖