ខេត្តបន្ទាយមានជ័យ+ប៉ៃលិន ៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែតបន្តដំណើរជាមួយក្រុមការងារទៅខេត្តបន្ទាយមានជ័យនិងខេត្តប៉ៃលិន! នាព្រឹកថ្ងៃអង្គារ ទី១០ ខែសីហា ឆ្នាំ២០២១ ដើម្បីពិនិត្យការរៀបចំទីតាំងបន្ថែមសម្រាប់ត្រៀមព្យាបាលបងប្អូនប្រជាពលករខ្មែរដែលវិលត្រលប់ពីប្រទេសថៃ ក្នុងករណីមានជំងឺកូវីដ-១៩។
លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរៈភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោកបានមានប្រសាសន៍ថា, រាជរដ្ឋាភិបាលក៏ដូចជាក្រុមការងារសង្ឃឹមថាបងប្អូនប្រជាពលករយើងមានសុខភាពល្អនិងជាសផុតពីជំងឺកូវីដ១៩ ទាំងអស់គ្នា។
លោកបន្តថា, ទោះជាយ៉ាងណាក៏ដោយ ការរៀបចំមណ្ឌលព្យាបាលនៅតាមព្រំដែននេះ គឺជាការត្រៀមលក្ខណៈមួយក្នុងករណីចាំបាច់ដែលបងប្អូនឆ្លងជំងឺកូវីដ១៩ ដែលអាចអោយរាជរដ្ឋាភិបាលមានលទ្ធភាពផ្តល់ទីកន្លែងជូនបងប្អូនស្នាក់នៅនិងទទួលការព្យាបាលបានល្អសមរម្យ និងទាន់ពេលវេលា ដើម្បីបានជាសះស្បើយមុននិងបងប្អូនវិលត្រលប់ទៅស្រុកកំណើតខ្លួនវិញ។
កាលពីម្សិលមុិញ នៅខេត្តឧត្តរមានជ័យ,នា ថ្ងៃអង្គារ ទី១០ ខែសីហា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ឯកហ៊ុនម៉ាណែតបានមានប្រសាសន៍ថា, លោកត្រូវពិនិត្យវឌ្ឍនភាពនៃការរៀបចំមណ្ឌលព្យាបាលកម្រិតស្រាល បម្រុងសម្រាប់ព្យាបាលជូនបងប្អូនពលករខ្មែរដែលវិលត្រលប់ពីប្រទេសថៃ និងក្នុងករណីដែលមានជំងឺកូវីដ១៩៕
ដោយ៖ សុខ ខេមរា