ព័ត៌មានទាន់ហេតុការណ៍៖

តុលាការខេត្តស្ទឹងត្រែង​ សម្រេច​ដោះលែង​ជនសង្ស័យ ៣នាក់​ ឱ្យ​នៅក្រៅ​ឃុំ ពាក់ព័ន្ធ​ករណី​បរិហារកេរ្តិ៍ជា​សាធារណៈ​ និង​កាប់​រាន​យក​ដី​រដ្ឋធ្វើជា​កម្មសិទ្ធិដោយខុសច្បាប់

ចែករំលែក៖

ខេត្ត​ស្ទឹងត្រែង​៖ ចៅក្រម​ស៊ើបសួរ​សាលាដំបូងខេត្តស្ទឹងត្រែង កាលពីល្ងាចថ្ងៃទី១០​ ខែសីហា​ ឆ្នាំ​២០២១​ បានសម្រេច​ដោះលែងជនសង្ស័យចំនួន​ ៣នាក់ឱ្យ​នៅក្រៅ​ឃុំជា​បណ្ដោះអាសន្ន​ បន្ទាប់ពី​កម្លាំង​សមត្ថកិច្ចកងរាជអាវុធហត្ថខេត្ត ឃាត់ខ្លួនពាក់ព័ន្ធ​ករណី​បរិហារកេរ្តិ៍ ជា​សាធារណៈ​, ប្រើប្រាស់ដោយ​ខុសច្បាប់នូវ​សារធាតុ​ញៀន និង​កាប់​រាន​យក​ដី​រដ្ឋធ្វើជា​កម្មសិទ្ធិដោយខុសច្បាប់ ហើយ​បាន​បញ្ជូន​សំណុំរឿងទៅ​តុលាការ ដេីម្បីចាត់ការតាមច្បាប់​។

បេី​យោង​តាមរបាយការណ៍របស់សមត្ថកិច្ច​កងរាជអាវុធហត្ថខេត្ត​
​ជនសង្ស័យ​ដែល សមត្ថកិច្ច​ឃាត់ខ្លួន រួមមាន៖ទី​១.​ឈ្មោះ មុំ សីហា​ក់ ភេទ​ប្រុស អាយុ ៣០​ឆ្នាំ , ទី​២ ឈ្មោះ អ៊ិន រ៉ា​យ ភេទ​ប្រុស អាយុ ៣៩ ឆ្នាំ ,​ទី​៣. ឈ្មោះ ក្រឹម អាយុ​ប្រហែល ២៥ ឆ្នាំ (រត់គេចខ្លួន)​, ទី ៤.​ឈ្មោះ អ៊ិន សុផល ភេទ​ប្រុស អាយុ ៣៧ ឆ្នាំ មេខ្លោង​កាប់​ព្រៃយក​ដី​រដ្ឋធ្វើជា​កម្មសិទ្ធិដោយ​ខុសច្បាប់​។ ជនសង្ស័យ​ទាំង ៣ នាក់​នេះ គឺជា​កម្មករ និង​មេការបម្រើ​ការងារក្នុង​ក្រុមហ៊ុនចំការចេកស្រុក​បុរីអូរ​ស្វាយ​សែន​ជ័យ​។

របាយការណ៍ដដែល​ កាលពី​ថ្ងៃទី​៦ ខែសីហា ឆ្នាំ​២០២១ សមត្ថកិច្ច​កងរាជ​អាវុធ ស្រុក​បុរី​អូរ​ស្វាយសែន​ជ័យ បានទទួល​ពាក្យបណ្ដឹង ពី​ឈ្មោះ លី មីណា ជាអភិបាលស្រុក​បុរី​អូរ​ស្វាយសែន​ជ័យ បាន​ប្ដឹង​មនុស្ស​មួយចំនួន ពាក់ព័ន្ធ​ករណី​បរិហារកេរ្តិ៍ ជា​សាធារណៈ ដែល​អ្នក​ពាក់ព័ន្ធ​ទាំងនោះ បាន​យកឈ្មោះតួនាទីអំណាច​អភិបាលស្រុក ទៅ​កាប់​រុករាន​ព្រៃយក​ដី​របស់​រដ្ឋដោយ​ខុសច្បាប់​។​

គួរជម្រាបថា​ ​ជនសង្ស័យ​ទាំង៣នាក់នេះ មាន​ ២​នាក់ បាន​ប្រើប្រាស់សារធាតុ​ញៀនប្រភេទ​មេ​តំហ្វេ​តា​មីន​។ សមត្ថកិច្ចកងរាជអាវុធហត្ថ បាន​បញ្ជូន​សំណុំរឿងពាក់ព័ន្ធ ៣បទល្មើសទៅ​អយ្យការ​អមសាលាដំបូងខេត្តស្ទឹងត្រែង នៅ​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០២១​។​ក្រោយអយ្យការអម​សាលាដំបូង​ខេត្ត បាន​ចោទប្រកាន់​មនុស្ស ៣នាក់ ចំនួន ៣បទល្មើសរួមមាន៖ បទល្មើស​បរិហារកេរ្តិ៍​ជា​សាធារណៈ​, ប្រើប្រាស់​សារធាតុ​ញៀន ដោយ​ខុសច្បាប់ និង​កាប់​រុករាន ព្រៃ​យក​ដី​រដ្ឋ ដោយ​ខុសច្បាប់ បញ្ជូន​សំណុំរឿង ទៅ​ចៅក្រម​ស៊ើបសួរ​ជា​បន្ត​។​ លុះនៅ​ល្ងាចថ្ងៃដដែល​ ចៅក្រម​ស៊ើបសួរសាលាដំបូងខេត្ត បានសម្រេច​ដោះលែងជនជាប់ចោទ​ទាំង ៣នាក់នេះ​ ឱ្យ​នៅក្រៅ​ឃុំជា​បណ្ដោះអាសន្ន​៕

ដោយ៖ សហការី


ចែករំលែក៖