ព័ត៌មានទាន់ហេតុការណ៍៖

ឆេះព្រៃរាលដាលទ្រង់ទ្រាយធំនៅអាល់ហ្សេរី ស្លាប់៤២នាក់

ចែករំលែក៖

រដ្ឋាភិបាលប្រទេសអាល់ហ្សេរី (Algeria)បានឱ្យដឹងថា ភ្លើងឆេះព្រៃនៅក្នុងប្រទេសនេះបានសម្លាប់ មនុស្ស៤២នាក់។ ភ្លើងឆេះព្រៃបង្កឲ្យមានផ្សែងគ្របដណ្តប់តំបន់ភ្នំ Kabylie ភាគខាងកើតរដ្ឋធានី អាល់ហ្សេរី ។កម្លាំងទាហានជាច្រើន បានទៅចូលរួមពន្លត់អគ្គិភ័យនេះដើម្បីទប់ស្កាត់ការឆ្លងរាលដាល កាន់តែខ្លាំងឡើង។

ភ្លើងឆេះព្រៃរាប់រយកន្លែងបានឆេះរាលដាលនៅតំបន់ភ្នំ ស្ថិតនៅភាគខាងជើងប្រទេសអាល់ហ្សេរី តាំងពីយប់ថ្ងៃទី៩ខែសីហាមក ។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអាល់ហ្សេរី លោក Kamel Beldjoud បានឱ្យដឹងថា មានមនុស្សមានចេតនាដុតព្រៃ ប៉ុន្តែលោកមិនបញ្ជាក់ព័ត៌មានបន្ថែមទៀតឡើយ។ លោក Kamel Beldjoud បានឱ្យដឹងទៀតថា «ការឆាបឆេះព្រៃ៥០ កន្លែងក្នុងពេលតែមួយនៅតំបន់តែមួយគឺជាស្នាដៃរបស់មនុស្សបង្កឡើងដោយចេតនា»។
កាលពីសប្តាហ៍កន្លងមក ក្រុមអ្នកត្រួតពិនិត្យបរិយាកាសរបស់សហគមន៍អឺរ៉ុបបានឱ្យដឹងថា តំបន់សមុទ្រមេឌីទែរ៉ាណេបានក្លាយទៅជាតំបន់មានភ្លើងឆេះព្រៃ ទ្រង់ទ្រាយធំ ដោយមានព្រៃឈើជាច្រើនរងការបំផ្លាញដោយអគ្គិភ័យ។ ប្រទេសដែលរងការឆេះព្រៃខ្លាំងជាងគេគឺប្រទេសតួកគី និង ប្រទេសក្រិច ។
មានប្រសាសន៍តាមកញ្ចក់ទូរទស្សន៍កាលពីយប់ថ្ងៃទី១០ខែសីហា នាយករដ្ឋមន្ត្រី Ayman Benabderrahmane បានឱ្យដឹងថា ចំនួនអ្នកស្លាប់ដោយភ្លើងឆេះព្រៃកើនឡើងដល់៤២នាក់ ក្នុងនោះមានទាហាន២៥នាក់ដែលបានចូលរួមពន្លត់អគ្គិភ័យ។ ផ្ទះពលរដ្ឋជាច្រើនខ្នងរងការបំផ្លាញដោយភ្លើងឆេះព្រៃ ប៉ះពាល់យ៉ាងខ្លាំងដល់ជីវភាពរស់នៅរបស់ពលរដ្ឋ ដោយមានពលរដ្ឋជាច្រើនត្រូវជម្លៀសទៅកាន់តំបន់មានសុវត្ថិភាព៕

ដោយ៖ធីរីណា(រូបភាព៖Reuters)


ចែករំលែក៖