ខ្សែបម្រើសញ្ជាតិអង់គ្លេស Phil Foden នឹងអវត្តមានក្នុងការចាប់ផ្តើមការពារតំណែងជើងឯក Premier League របស់ក្រុម Manchester City ដោយសាររបួសប្រអប់ជើងដែលគេបានប៉ះគ្នាក្នុងអំឡុងការប្រកួត Euro ឆ្នាំ២០២០ ។
Foden មានវ័យ២១ឆ្នាំទំនងជាខកខានការប្រកួតក្នុងលីគ៣ប្រកួតដំបូងរបស់ Man City ទល់នឹង Tottenham, Norwich City និង Arsenal ។ខ្សែបម្រើរូបនេះក៏ជាមន្ទិលមួយសម្រាប់ការប្រកួតជម្រុះ World Cup ២០២២របស់អង់គ្លេសទល់នឹងហុងគ្រីនៅខែកញ្ញាផងដែរ។
Foden បាននិយាយថា “វាពិតជាពិបាកសម្រាប់ខ្ញុំផ្ទាល់ ខ្ញុំចង់ត្រឡប់មកទីលានវិញឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ ការរងរបួសប្រអប់ជើងមុនការប្រកួតវគ្គផ្តាច់ព្រ័ត្រវាជារឿងចម្លែក។
ខ្ញុំទើបតែហ្វឹកហាត់ហើយវាបានកើតឡើង ខ្ញុំគ្រាន់តែបង្វិលជើងរបស់ខ្ញុំតែវាជាអកុសលដែលបង្កឲ្យមានរបួស” ។
Foden រំពឹងថានឹងត្រឡប់មកវិញក្នុងរយៈពេលប្រហែល៤សប្តាហ៍ដែលអាចមានន័យថា ការប្រកួតក្របខ័ណ្ឌ Premier League ដំបូងរបស់គាត់នៅរដូវកាលនេះអាចនៅថ្ងៃសៅរ៍ទី១១ ខែកញ្ញាទល់នឹង Leicester City ។
លោក Pep Guardiola បានបញ្ជាក់ថា Man City នឹងចាប់ផ្តើមរដូវកាលថ្មីនេះដោយគ្មានកីឡាករ Kevin de Bruyne វ័យ៣០ឆ្នាំ ខណៈដែលខ្សែបម្រើរូបនេះបានរងរបួសកជើងអំឡុងការប្រកួតឲ្យក្រុមជម្រើសជាតិប៊ែលហ្ស៊ិកវគ្គ៨ក្រុមចុងក្រោយពានរង្វាន់ទ្វីបអឺរ៉ុប (យូរ៉ូ) សម្រាប់ឆ្នាំ២០២០ ។
កាលពីរដូវកាលមុន Man City បានឈ្នះពានរង្វាន់ Premier League និងឈានដល់វគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League ហើយ Foden រំពឹងថា ការការពារពានរង្វាន់របស់ពួកគេនឹងក្លាយជាការប្រកួតប្រជែង ៕
ដោយ ៖ ភារៈ(រូបភាព ៖ BBC Sport)