ខ្សែប្រយុទ្ធ Romelu Lukaku បានទៅកាន់ទីក្រុងឡុងដើម្បីបំពេញការផ្ទេរក្នុងទឹកប្រាក់កំណត់ត្រាក្លិប៩៧.៥លានផោន (១៣៥លានដុល្លារ) ទៅកាន់ក្លិប Chelsea បន្ទាប់ពីចាកចេញពីក្លិបអុីតាលី Inter Milan ។
កីឡាករវ័យ២៨ឆ្នាំរូបនេះបានឆ្លងកាត់ការពិនិត្យសុខភាពដំបូងរបស់គាត់នៅទីក្រុង Milan បន្ទាប់ពីក្រុមតោខៀវ Chelsea បានយល់ព្រមជាគោលការណ៍នូវកំណត់ត្រាក្លិបដើម្បីចុះហត្ថលេខាជាមួយខ្សែប្រយុទ្ធរូបនេះឡើងវិញ។ ឥឡូវនេះឯកសារកំពុងស្ថិតនៅជាមួយមេធាវីរបស់ក្លិប ហើយនៅពេលដែលត្រូវបានបង្ហាញជាផ្លូវការ Lukaku ត្រូវបានគេរំពឹងថានឹងចុះហត្ថលេខាលើកិច្ចសន្យារយៈពេល៥ឆ្នាំដែលមានតម្លៃ២០០.០០០ផោនក្នុងមួយសប្តាហ៍។
កន្លងមកក្លិប Inter Milan បានច្រានចោលការផ្តល់ជូនពីរដងពីក្រុមតោខៀវ Chelsea សម្រាប់កីឡាករអន្តរជាតិបែលហ្ស៊ិកដែលកាលពីការចរចាលើកទីទី២មានតម្លៃ៨៥លានអឺរ៉ូបូកនឹងខ្សែការពារឆ្វេង Marcos Alonso ។
ជាមួយគ្នានេះដែរក្រុម Roma បានយល់ព្រមលើកិច្ចព្រមព្រៀងតម្លៃ៣៤លានផោនដើម្បីចុះហត្ថលេខាជាមួយ Tammy Abraham ពីក្រុមតោខៀវ Chelsea។ នេះបើយោងតាមសារព័ត៌មាន Sky Sport។ ខ្សែប្រយុទ្ធវ័យ២៣ឆ្នាំរូបនេះត្រូវតែសម្រេចចិត្តថា តើគាត់ចង់ចូលរួមជាមួយក្លិបអុីតាលីដែលត្រូវបានគ្រប់គ្រងដោយអតីតគ្រូបង្វឹកក្រុមតោខៀវ Chelsea លោក Jose Mourinho ឬយ៉ាងណា។
Lukaku បានចាកចេញពីក្រុមតោខៀវ Chelsea ក្នុងឆ្នាំ២០១៤ បន្ទាប់ពីបង្ហាញខ្លួនបានតែ១៥ដងប៉ុណ្ណោះនៅទីនោះបន្ទាប់ពីគាត់បានមកដល់ទឹកដី Stamford Bridge ពីក្លិប Anderlecht ក្នុងឆ្នាំ២០១១ ។
ខ្សែប្រយុទ្ធឆ្នើមម្នាក់នៅទ្វីបអឺរ៉ុប Lukaku រកបាន៨៧គ្រាប់ក្នុង១៦៦ប្រកួតសម្រាប់ក្រុម Everton ចន្លោះឆ្នាំ២០១៤ និង ឆ្នាំ២០១៧ ហើយរកបាន៤២គ្រាប់ក្នុងការបង្ហាញខ្លួន៩៦ដងក្នុងរយៈពេល២ឆ្នាំរបស់គាត់នៅ Manchester United មុនពេលចុះហត្ថលេខាជាមួយ Inter Milan នៅឆ្នាំ២០១៩ ។
Lukaku បានស៊ុតបាល់បញ្ចូលទី២៤គ្រាប់ក្នុងក្របខ័ណ្ឌ Serie A កាលពីរដូវកាលមុនដោយបានជួយក្រុម Inter Milan លើកពានលីគកំពូលអុីតាលីលើកដំបូងរបស់ពួកគេក្នុងរយៈពេល១១ឆ្នាំ ខណៈដែលក្លិបបានបញ្ចប់ការលើកពាន៩ឆ្នាំរបស់ Juventus ក្នុងនាមជាម្ចាស់ជើងឯកលីគកំពូលអុីតាលី។
នៅពេលដែលកិច្ចព្រមព្រៀងត្រូវបានបញ្ចប់វានឹងធ្វើឱ្យ Lukaku ក្លាយជាកីឡាករថ្លៃបំផុតក្នុងប្រវត្តិសាស្ត្រទាក់ទងនឹងថ្លៃផ្ទេររួមដែលឈរលើគេក្នុងតម្លៃ៣០៨.៥លានផោន គឺច្រើនជាង៣០លានផោនលើសកីឡាករ Neymar ដែលឈរនៅលេខ២ក្នុងតម្លៃផ្ទេររួម២៧១.៧លានផោន ៕
ដោយ៖ ភារៈ(រូបភាព ៖ Sky Sport)