ភ្នំពេញ៖ នៅរសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបានចេញ សេចក្តីប្រកាសព័ត៌មានក្នុងនោះក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមជម្រាបជូនសាធារណជនជ្រាបថា បច្ចុប្បន្ននេះ ផ្លែមៀនប៉ៃលិន បានចាប់ផ្ដើមប្រមូលផលពីខែសីហា ឆ្នាំ២០២១ ប៉ុន្តែដោយសារបញ្ហារីករាលដាលនៃជំងឺកូវីដ-១៩ និងរបាំងភូតគាម អនាម័យ ជាកត្តាធ្វើឲ្យមានបញ្ហាប្រឈមមិនទាន់អាចធ្វើការនាំចេញទៅកាន់ទីផ្សារក្រៅប្រទេសបាន ពិសេសប្រទេសថៃ កំពុងបិទមិនឲ្យនាំចូលមៀនប៉ៃលិនតាមច្រកព្រំដែន។ ម្យ៉ាងទៀត ផ្លែមៀនប៉ៃលិនជាប្រភេទទំនិញជាប់កម្រិតកំណត់ ដែលតម្រូវឱ្យសមត្ថកិច្ចភូតគាមអនាម័យកម្ពុជា ធ្វើសំណើសុំចរចាបើកទីផ្សារជាមួយសមត្ថកិច្ចភូតគាមអនាម័យនៃ ប្រទេសនាំចូល តាមរយៈការស្នើសុំវាយតម្លៃហានិភ័យសមាសភាពចង្រៃ ពាក់ព័ន្ធនឹងការនាំចូលផ្លែមៀនប៉ៃលិននេះ។ ជាក់ស្តែង ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដាក់សំណើចរចាបើកទីផ្សារសម្រាប់ផ្លែមៀនស្រស់ទៅកាន់ ប្រទេសចិន និងប្រទេសថៃ រួចហើយ។
សម្រាប់ការចរចាជាមួយប្រទេសថៃ អគ្គនាយកដ្ឋានកសិកម្មជាសេនាធិការបច្ចេកទេស បានផ្ញើលិខិតចុះថ្ងៃទី ១៦ ខែសីហា ឆ្នាំ២០១៩ ដើម្បីស្នើសុំបើកទីផ្សារនាំចេញផ្លែមៀនកម្ពុជាទៅកាន់ប្រទេសថៃ។ ប៉ុន្តែ រហូតមកដល់ពេល នេះ ការចរចាមិនទាន់សម្រេចបានលទ្ធផលឯកភាពគ្នាស្តីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចូលផ្លែមៀន ទៅក្នុងប្រទេសថៃនៅឡើយទេ ហើយភាគីថៃក៏ពុំទាន់បានឆ្លើយតបជាផ្លូវការណាមួយដែរ ទោះបីជាភាគីកម្ពុជាបាន ទាក់ទងជំរុញការងារនេះជាច្រើនដងរួចហើយក៏ដោយ។
រីឯការចរចាជាមួយប្រទេសចិន អគ្គនាយកដ្ឋានកសិកម្មបានផ្ញើលិខិតចុះថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៩ ដោយ ភ្ជាប់ជាមួយនូវឯកសារបច្ចេកទេសសម្រាប់ភាគីចិនធ្វើការវិភាគហានិភ័យសមាសភាពចង្រៃ ដើម្បីស្នើសុំបើកទីផ្សារនាំចេញ ផ្លែមៀនកម្ពុជាទៅកាន់ប្រទេសចិន។ ក្នុងបរិការណ៍នេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា ក៏បានអន្តរាគមន៍ទៅអគ្គរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមា និតចិន ដើម្បីពន្លឿនការចរចាស្តីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញផ្លែមៀនស្រស់កម្ពុជាទៅកាន់ប្រទេស ចិនដែរ ប៉ុន្តែការចរចាមិនទាន់សម្រេចបានលទ្ធផលឯកភាពគ្នានៅឡើយ ដោយអគ្គរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមា និតចិន កំពុងធ្វើការវិភាគហានិភ័យសមាសភាពចង្រៃស្របតាមវិធានបច្ចេកទេស និងបទដ្ឋានគតិយុត្តរបស់ប្រទេសចិន ដែលរហូតមកដល់ពេលនេះពុំទាន់បានទទួលការឆ្លើយតបជាផ្លូវការពាក់ព័ន្ធនឹងការងារបច្ចេកទេសនៅឡើយទេ។
ក្នុងគោលបំណងដើម្បីចូលរួមចំណែកដោះស្រាយបញ្ហាទីផ្សារផលិតផលមៀនប៉ៃលិន ដែលកំពុងឈមនឹង របាំងភូតគាមអនាម័យ និងបញ្ហាប្រឈមនានាបង្កឡើងដោយការឆ្លងរាតត្បាតនៃជំងឺកូវីដ១៩ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ សូមធ្វើការអំពាវនាវដូចខាងក្រោម៖
. អ្នកនាំចេញគួរបង្វែរទិសដៅពីប្រទេសថៃទៅប្រទេសវៀតណាមវិញ ពីព្រោះកម្ពុជាបានបើក ផ្លែមៀននេះរួចហើយ តាមរយៈការសម្រេចបាននូវការឯកភាពគ្នាលើលក្ខខណ្ឌតម្រូវភូតគាម អនាម័យសម្រាប់ ការនាំចេញផ្លែមៀនកម្ពុជាទៅកាន់ប្រទេសវៀតណាម។
. បងប្អូនប្រជាពលរដ្ឋគួររួមគ្នាគាំទ្រផលិតផលខ្មែរក្រោមរូបភាព ខ្មែរជួយខ្មែរ ដោយជួយទិញផ្លែមៀនរបស់ ប្រជាកសិករយើង ពិសេសសហគមន៍កសិកម្មមៀនប៉ៃលិននៅក្នុងកាលៈទេសៈដ៏លំបាកនេះ។
ម្ចាស់ទីតាំងផ្សារទំនើប ក្រុមហ៊ុន ឬសិប្បកម្មកែច្នៃកសិផលក្នុងស្រុក គួរនាំគ្នាជួយប្រមូលទិញផ្លែមៀនប៉ៃលិន មកលក់ចែកចាយ ឬធ្វើការកែច្នៃសម្រាប់បម្រើដល់ការហូបចុកក្នុងស្រុកជំនួសឱ្យការនាំចូលនូវផ្លែមៀនកំប៉ុង ពីក្រៅប្រទេសវិញ។
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សង្ឃឹមយ៉ាងមុតមាំថា សាធារណជននឹងចូលរួមចំណែកក្នុងស្មារតី ជួយលើកកម្ពស់ផលិតភាព និងមោទកភាពផលិតផលកសិកម្មជាតិយើងជាក់ជាមិនខាន៕
ដោយ ៖ សិលា