ព័ត៌មានទាន់ហេតុការណ៍៖

លោក ឃួង ស្រេង បញ្ជាឲ្យអាជ្ញាធរខណ្ឌចំការមនចុះកាយអាចម៍ដីដែលគេចាក់រំលោភចេញពីអាងស្តុកទឹកបឹងត្របែកជាមួយនឹងការស្ថាបនាផ្លូវព័ទ្ធជុំវិញ

ចែករំលែក៖

ភ្នំពេញ៖ ក្រោយទទួលបានបទបញ្ជាពី លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ លោក ថេង សុថុល អភិបាលខណ្ឌចំការមនបានដឹកនាំកម្លាំង មន្ត្រីជំនាញចុះដាក់គ្រឿងចក្រកាយយកអាចម៍ដីដែលគេចាក់រំលោភចេញពីផ្ទៃអាងស្តុកទឹកបឹងត្របែករួចរាល់អស់ហើយៗខណៈនេះគ្រឿងចក្របាននិងកំពុងធ្វើការស្ថាបនាផ្លូវទំនប់ខ្នងប្រឡាយព័ទ្ធជុំវិញផ្ទៃអាងស្តុកទឹកបឹងត្របែង និង ឈូសឆាយដីបើកផ្លូវលេខ៤៩៦ និងផ្លូវលេខ៤៩០ ដោយមានខ្នងទំនប់ព័ទ្ធផ្ទៃបឹង រហូតដល់ផ្លូវលេខ២៧១ ។
បើតាមការបញ្ជាក់ឱ្យដឹងពីលោក ថេង សុថុល អភិបាលខណ្ឌចំការមន នៅថ្ងៃទី១៣ ខែសីហានេះថា៖ ក្រោយពីមានបញ្ជាពីលោកអភិបាលរាជធានីភ្នំពេញ លោកក៏បានដឹកនាំមន្ត្រីជំនាញខណ្ឌចុះមកកាយយកអាចម៍ដីចេញដែលគេលួចចាក់ចូលផ្ទៃអាងស្តុកទឹក និងធ្វើការវាស់វែងបើកផ្លូវចំនួន៣ខ្សែក្រោយពីអាជ្ញាធរចុះអនុវត្តវិធានការរដ្ឋបាលរុះរើសំណង់មិនរៀបរយ និងការចាក់ដីរំលោភទន្ទ្រានលើផ្ទៃបឹងត្របែក ស្ថិតក្នុងសង្កាត់ផ្សារដើមថ្កូវ ។
លោក ថេង សុថុល បានឱ្យដឹងទៀតថា ការចុះអនុវត្តវិធានការរដ្ឋបាលរុះរើទីតាំងខាងលើ គឺក្រោយពីមានការណែនាំពី លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញេ ។ ជាក់ស្តែងអាជ្ញាធរបានពិនិត្យឃើញថា មានជនមួយក្រុមបានធ្វើការដឹកជញ្ជូនគ្រឿងចក្រ ដឹកអាចម៍ដីមកចាក់រំលោភយកផ្ទៃអាងស្តុកទឹកបឹងត្របែក ព្រមទាំងមានការសាងសង់សំណង់ផ្សេងៗ រួចបន្លំចាក់ដីពង្រីកបន្ថែមដើម្បីបំភ័ន្តថាជាដីដែលបានបង្កបង្កើនផល មានការដាំដុះដំណាំផ្សេង ៗព្រមទាំងមានរោងចិញ្ចឹមសត្វមាន់ ទា ផងដែរ ។
លោកអភិបាលខណ្ឌចំការមនបានបញ្ជាក់ថា ទង្វើទាំងអស់នេះជាការបំពាន និងរំលោភច្បាប់ធ្ងន់ធ្ងរ ព្រោះបានរំលោភយកផ្ទៃអាងស្តុកទឹក ដែលជាបឹងធំមួយនៅកណ្តាលរាជធានីភ្នំពេញ។
លោកបានបន្ថែមថា ក្នុងនាមអាជ្ញាធរ ដែនដី ក៏ដូចជាមន្ត្រីជំនាញគឺលោកមិនអនុញ្ញាតឲ្យជនខិលខួចបន្តលួចសាងសង់សំណង់ និងចាក់ដីរំលោភច្បាប់បែបនេះបានឡើយ។ ទង្វើរបស់ពួកគេបានរំលោភលើអនុក្រឹត្យរបស់ប្រមុខរាជរដ្ឋាភិបាល លេខ២២១ អនក្រ.បក ស្តីពីការកំណត់ផ្ទៃអាងស្តុកទឹកបឹងត្របែក ស្ថិតក្នុងរាជធានីភ្នំពេញជាសម្បត្តិសាធារណៈរបស់រដ្ឋ ។
ពាក់ព័ន្ធនឹងបញ្ហារំលោភផ្ទៃអាងបឹងត្របែកនេះដែរ អាជ្ញាធរខណ្ឌចំការមនតែងតែចុះធ្វើការផ្សព្វផ្សាយនិងអំពាវនាវដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន សូមកុំឱ្យមានការសាងសង់សំណង់ផ្សេងៗរំលោភលើផ្ទៃបឹងដែលជាអំពើខុសច្បាប់។ បើទោះបីមានការផ្សពផ្សាយបែបនេះក្តី ក៏នៅតែមានប្រជាពលរដ្ឋមួយចំនួន រឹងទទឹង បន្តរំលាេភនិងសង់សំណង់មិនស្តាប់តាមការណែនាំរបស់អាជ្ញាធរឡើយ។ ដូច្នេះក្នុងនាមអាជ្ញាធរត្រូវតែចាត់វិធានការរដ្ឋបាលដាច់ខាត ដោយមិនអនុញ្ញាតឱ្យមានការរំលោភលើផ្ទៃអាងស្តុកទឹកបឹងត្របែកនេះទេ។ ចំពោះអ្នកដែលបានទិញផ្ទៃបឹងត្របែកនេះ គឺគ្មានអាជ្ញាធរណាហ៊ានចុះហត្ថលេខាទទួលស្គាល់ឡើយ។ ពិសេសចំពោះ ការទិញលក់ក្នុងទីផ្សារងងឹតដែលគ្មានភាពស្របច្បាប់ សូមបញ្ឈប់ទៅកុំប្រថុយអី ព្រោះជាទង្វើល្មើសនឹងច្បាប់ ៕

ដោយ ៖ សំរិត


ចែករំលែក៖