ខេត្តកំពត៖ ក្រោមការបញ្ជារបស់លោកលាង រឿនសុធី អភិបាលនៃគណៈអភិបាលក្រុងកំពត លោកអែត សារិទ្ធ អភិបាលរងក្រុងបានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធអញ្ជើញចុះសម្របសម្រួលដោះស្រាយទំនាស់ដីធ្លីជូនប្រជាពលរដ្ឋប្រកបដោយជោគជ័យ។ នេះមិនមែនជាលើកទីមួយនោះទេដែលរដ្ឋបាលក្រុងកំពត ខេត្តកំពត បានខិតខំសម្របសម្រួលគ្រប់វិធីសាស្ត្រក្នុងការដោះស្រាយទំនាស់ផ្សេងៗប្រដោយតម្លាភាពនិងទទួលបានលទ្ធផលឈ្នះ= ឈ្នះ ទាំងអស់គ្នា។ ជាក់ស្តែនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១កន្លងមកនេះ រដ្ឋបាលក្រុងកំពត និងអាជ្ញាធរសង្កាត់ត្រេីយកោះ បានសហការគ្នាក្នុងការសម្របសម្រួលដីទំនាស់មួយកន្លែង ស្ថិតនៅភូមិបឹងតាព្រាម សង្កាត់ត្រេីយកោះ ក្រុងកំពត សម្រេចបានជោគជ័យ។
លោកអែត សារិទ្ធ អភិបាលរងក្រុងដែលដឹកនាំចុះសម្របសម្រួលផ្ទាល់បានឱ្យដឹងថា៖ បន្ទាប់ពីបានចុះពិនិត្យទីតាំងជាក់ស្តែងរួចមក ក្រុមការងារបានអញ្ជេីញភាគីទំនាស់មកបំភ្លឺនៅសាលាក្រុង ដោយមានការចូលរួមពីលោកប្រធានការិយាល័យនីតិកម្ម សម្រុះសម្រួលវិវាទមូលដ្ឋាន លោកអនុប្រធានភូមិបាលក្រុង លោកចៅសង្កាត់ លោកមេភូមិ ព្រមទាំងសាក្សីផងដែរ ។
លោកអភិបាលរងក្រុងបានឱ្យដឹងទៀតថា៖ ក្រោយពីមានការសម្របសម្រួលយ៉ាងយកចិត្តទុកដាក់របស់អាជ្ញាធរក្រុងរួចមក ភាគីទាំងពីរបានព្រមព្រៀងគ្នាឯកភាពយល់ព្រមតាមស្មារតីអង្គប្រជុំដោយបរិច្ចាគឱ្យគ្នាទៅវិញទៅមកដេីម្បីបញ្ចប់ទំនាស់៕
ដោយ៖ ចន្ទ លីហ្សា