ភ្នំពេញ, បើយោងតាមព្រះរាជសាររបស់ព្រះករុណាព្រះមហាក្សត្រ ចុះថ្ងៃទី១៤ ខែសីហា ឆ្នាំ ២០២១។ នៅព្រឹកថ្ងៃទី ១៦ ខែសីហា ឆ្នាំ ២០២១ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គទាំងទ្វេ នឹងស្តេចយាងទៅពិនិត្យព្រះរាជសុខភាពនៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។សូមរំឮកថា, ថ្មីៗនេះ «សម្តេចម៉ែ ប្រោសព្រះរាជទានម៉ាសុីនថតកាំរស្មីអុិចចល័ត ចំនួន ២គ្រឿង ជូន មន្ទីរពេទ្យហ្លួងម៉ែ»ស្ថិតក្នុងព្រះរាជហឫទ័យខ្វាយខ្វល់ និងទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់ប្រជានុរាស្រ្តជាកូនចៅ ចៅទួត ព្រមទាំងគោរពដង្ហែតាមព្រះរាជលំអានដ៏ឧត្តុង្គឧត្តម នៃព្រះករុណា ព្រះវររាជបិតាសុខាភិបាលជាតិ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គស្តេចសព្វព្រះរាជហឫទ័យប្រោសព្រះរាជទាន ព្រះរាជអំណោយដ៏ថ្លៃថ្លាជាម៉ាសុីនថតកាំរស្មីអុិចចល័តដ៏ទំនើប ចំនួន ២គ្រឿង ជូនដល់មន្ទីរពេទ្យហ្លួងម៉ែ សម្រាប់បម្រើជាឧត្តមប្រយោជន៍ជូនដល់កូនចៅប្រជានុរាស្រ្តរបស់ព្រះអង្គ៕
ដោយ៖ សិលា