ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃសៅរ៍ទី១៤ ខែសីហា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានមានប្រសាសន៍ថា
“បាញ់ព្រួញមួយបានសត្វបី ” ! នេះបើតាមការបង្ហោះលើផេកផ្លូវការរបស់លោក។
លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងថា, ពិភាក្សាលើការអនុវត្តសាកល្បងនូវរូបមន្តថ្មីមួយ សម្រាប់ការចូលរួមរបស់វិស័យឯកជននៅក្នុងការផ្ដល់សេវាព្យាបាលជំងឺកូវីដ១៩ កម្រិតស្រាល។
លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានផ្តល់ជាអនុសាសន៍ថា, យន្តការថ្មីនេះគឺសំដៅទៅលើការបង្កើតជម្រើសបន្ថែមសម្រាប់ការព្យាបាលជំងឺកូវីដ១៩ កម្រិតស្រាលជូនដល់ប្រជាពលរដ្ឋ ការកាត់បន្ថយបន្ទុករបស់រាជរដ្ឋាភិបាលលើកិច្ចការនេះ ក៏ដូចជាការបង្កើតការងារខ្លះជូនប្រជាពលរដ្ឋក្នុងកាលៈទេសៈដែលជំងឺកូវីដ១៩ មិនទាន់ចប់ ពោលគឺបាញ់ព្រួញមួយបានសត្វបី។
សូមបញ្ជាក់ថា, លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបន្តដំណើរជាមួយក្រុមការងារទៅខេត្តបន្ទាយមានជ័យនិងខេត្តប៉ៃលិន ខេត្តសៀមរាប ខេត្តឧត្តរមានជ័យ ជាពិសេសខេត្តនៅតាមព្រំដែនកម្ពុជា-ថៃ ដើម្បីពិនិត្យការរៀបចំទីតាំងបន្ថែមសម្រាប់ត្រៀមព្យាបាលបងប្អូនប្រជាពលករខ្មែរដែលវិលត្រលប់ពីប្រទេសថៃ ក្នុងករណីមានជំងឺកូវីដ-១៩។
លោកថ្លែងថា, រាជរដ្ឋាភិបាលក៏ដូចជាក្រុមការងារសង្ឃឹមថាបងប្អូនប្រជាពលករយើងមានសុខភាពល្អនិងជាសផុតពីជំងឺកូវីដ១៩ ទាំងអស់គ្នា។
ទោះជាយ៉ាងណាក៏ដោយ ការរៀបចំមណ្ឌលព្យាបាលនៅតាមព្រំដែននេះ គឺជាការត្រៀមលក្ខណៈមួយក្នុងករណីចាំបាច់ដែលបងប្អូនឆ្លងជំងឺកូវីដ១៩ ដែលអាចអោយរាជរដ្ឋាភិបាលមានលទ្ធភាពផ្តល់ទីកន្លែងជូនបងប្អូនស្នាក់នៅនិងទទួលការព្យាបាលបានល្អសមរម្យ និងទាន់ពេលវេលា ដើម្បីបានជាសះស្បើយមុននិងបងប្អូនវិលត្រលប់ទៅស្រុកកំណើតខ្លួនវិញ៕
ដោយ៖ សុខ ខេមរា