ព័ត៌មានទាន់ហេតុការណ៍៖

ប៉ូលិស​ថៃផ្នែកបង្រ្កាបគ្រឿងញៀន​ ឃាត់ខ្លួន​មនុស្ស​២១នាក់​ និងដកហូត​​ថ្នាំញៀន​ជិត​១​តោន និង​កញ្ឆា​៨២០​គីឡូក្រាម

ចែករំលែក៖

អន្តរជាតិ​​៖ មនុស្ស​សរុប​ ២១នាក់​ រួម​នឹង​​ថ្នាំញៀន​មេតំ​ហ្វេ​តា​មីន​ក្រាម​ចំនួន​ជិត​១​តោន និង​កញ្ឆា​ ​៨២០​គីឡូក្រាម ត្រូវ​បានកម្លាំងប៉ូលីស​ថៃ​ បេី​ក​ប្រតិបត្តិការចុះបង្រ្កាប​ទ្រង់ទ្រាយ​ធំ​ ចាប់ពី​ថ្ងៃ​ទី១១​ដល់​១២​ ខែ​សីហា​ ឆ្នាំ​២០២១ថ្មីៗ​នេះ​ ​ដាច់ដោយឡែក​ពី​គ្នា​នៅ​ក្នុងខេត្ត​ចំនួន​៤​ នៃប្រទេស​ថៃ​។​ ​នេះបេី​តាម​​ការបញ្ជាក់​របស់​ប្រធាន​ការិយាល័យ​ប៉ូលិស​បង្ក្រាប​គ្រឿង​ញៀន​ បានឱ្យដឹង​​នៅថ្ងៃ​សុក្រទី១៣​ ខែសីហា​ម្សិលមិញ។

ប្រធាន​ការិយាល័យ​ប៉ូលិស​បង្ក្រាប​គ្រឿង​ញៀន​ បានថ្លែង​បន្តថា​​ ជនសង្ស័យ​ត្រូវបាន​ចាប់ខ្លួន​ជាបន្តបន្ទាប់​ នៅខេត្ត​ឡាំ​ផា​ង​,​ខេត្ត​អាយុ​ទ្យា​,​ខេត្ត​សាខុន សាខ​ន​ និងខេត្ត​​ណុង​បួ ឡាំ​ភូ ចាប់ពី​ថ្ងៃ​១១​ដល់​១២​សីហាថ្មី​ៗនេះ​។​

គួរជម្រាបថា​ ​ក្នុងប្រតិបត្តិការ​ឆ្មក់​បង្ក្រាប​ខាងលេីនេះ​ លេីក​ទី​១ ប៉ូលីស​បាន​ឃាត់ខ្លួន​មនុស្ស​១១​នាក់​ នៅ​ស្ថានីយ​ឥន្ធនៈ​និង​កន្លែង​ចត​រថយន្ត​មួយ​ក្នុង​ខេត្ត​ឡាំ​ផាង​កាលពី​ថ្ងៃ​១១​សីហា​ និងខេត្ត​​អាយុ​ទ្យា​ នៅ​ថ្ងៃ​១២​សីហា​។​ ចំណែក​គ្រឿង​ញៀនប្រភេទ​មេតំ​ហ្វេ​​តា​មីន​ចំនួន​២០០​គីឡូក្រាម ព្រមទាំងរថយន្ត​ចំនួន​ ៧​គ្រឿង និង​ទ្រព្យសម្បត្តិ​ដទៃ​ទៀត​រួមមាន​លុយ​ ១៥​លាន​បាត​ ក៏​ត្រូវបានសមត្ថកិច្ច​រឹបអូស​ផងដែរ។​

ដោយឡែក​នៅ​ឯខេត្ត​សាខុន សា​ខន ប៉ូលិសថៃ​ ​បាន​ចាប់ខ្លួន​មនុស្ស​៦​នាក់​បន្ថែម​ទៀត​ និង​រឹបអូស​បាន​កញ្ឆា​២១០​គីឡូក្រាម ថ្នាំ​មេតំ​ហ្វេ​តា​មីន​៣,២​លាន​គ្រាប់​និង​ថ្នាំញៀន​ម៉ា​ទឹកកក​ចំនួន​៥២០​គីឡូក្រាម រថយន្ត​៣​គ្រឿង​និង​ទ្រព្យសម្បត្តិ​ផ្សេងទៀត​។​

​រីឯ​នៅ​ខេត្ត​ណុង​បួ ឡាំ​ភូ ក្រុម​ប៉ូលិសថៃ​ ក៏​បាន​ឃាត់ខ្លួន​ជនសង្ស័យ​៤​នាក់​ រួម​​និង​កញ្ឆាចំនួន​ ​៦១០​គីឡូក្រាមផងដែរ​។​

​គួរបញ្ជាក់ដែរថា​ ក្នុងប្រតិបត្តិការនោះ​ បុរស​ម្នាក់​ វ័យ​២៤​ឆ្នាំ​ ក៏​ត្រូវ​ក្រុមប៉ូលិស​ ​បាញ់​សម្លាប់​ និង​មនុស្ស​ ៣​នាក់​ទៀត​ត្រូវបាន​ចាប់ខ្លួន​នៅ​ខេត្ត​ប៊ូ​រី រ៉ា​ម​ ខណៈ​ដែល​ពួកគេ​ប៉ះទង្គិច​ជាមួយ​ប៉ូលិស​ បង្ក្រាប​គ្រឿងញៀន​ កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញនេះ​។​ ចំណែក​គ្រឿង​ញៀន​ប្រភេទ​មេតំ​ហ្វេ​តា​មីន​ចំនួន​ ៨.០០០​គ្រាប់​ និង​ម៉ា​ទឹកកក​២០០​ក្រាម​ក៏​ត្រូវបាន​រឹបអូស​ពី​ជនសង្ស័យ​ផងដែរ​៕

ដោយ​៖ស​ តារា


ចែករំលែក៖