ព័ត៌មានទាន់ហេតុការណ៍៖

សូមប្រុងប្រយ័ត្ន​ចំពោះខ្សែភ្លេីង!! បុរសម្នាក់ឡេីងដាក់អំពូលភ្លេីងឲ្យមាន់ដោយមិនបានបិទបារ៉ែតបណ្ដាលឲ្យឆក់ស្លាប់ចោលប្រពន្ធកូន

ចែករំលែក៖

ភ្នំពេញ​ ៖​ ពិតជាអាណិតអាសូរខ្លាំងណាស់​ដែលគ្រួសារមួយបានបាត់បង់ប្តី​និងឪពុកជាទីស្រលាញ់ទាំងស្រស់ញញឹម គ្រាដែលបុរសរងគ្រោះឡើងទៅលើជញ្ជាំងដើម្បីពិនិត្យមើលនិងដោះដូរអំពូលភ្លើងសម្រាប់បំភ្លឺឲ្យសត្វមាន់ដេកពេលយប់ ប៉ុន្តែជាអកុសលត្រូវចរន្តភ្លើងឆក់ធ្លាក់មកខាងក្រោមបណ្តាលឲ្យដាច់ខ្យល់ស្លាប់តាមផ្លូវពេលបញ្ជូនទៅសង្គ្រោះ​នៅឯមន្ទីរពេទ្យ ដោយបន្យល់ទុកប្រពន្ធនិងកូន២នាក់ឱ្យរស់នៅកំព្រា។ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង​១៨​និង៣០នាទីថ្ងៃទី១៣​ ខែសីហា​ ឆ្នាំ​២០២១ នៅចំណុចក្នុងផ្ទះ ស្ថិតនៅតាមផ្លូវបេតុង ភូមិសាក់សំពៅ សង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ជនរងគ្រោះ(សព)ឈ្មោះ ឡៅ ឈួន ហៅឆាយ ភេទប្រុស អាយុ៤០ឆ្នាំ  មុខរបរ លក់ដូរ ស្នាក់នៅផ្ទះកើតហេតុ  ។

​ សមត្ថកិច្ចបានឱ្យដឹងថា​ មុនពេលកើតហេតុកាលពីថ្ងៃទី១៣​ ខែសីហា​ ឆ្នាំ២០២១​ វេលាម៉ោងប្រហែល១៨​និង៣០នាទីជនរងគ្រោះបានមកប្តូរអំពូលភ្លើងដែលដាច់នៅផ្ទះចំណុចកេីតហេតុ ដោយពេលដូរអំពូលភ្លើងដែលមានកម្ពស់ប្រហែល៤ម៉ែត្រពីដី​នោះ ជនរងគ្រោះបានដាក់ជណ្ដើរឡើងដោយមិនបានបិទបារ៉ែតភ្លើងនោះទេ។ ពេលកំពុងដូរអំពូលនោះស្រាប់តែជនរងគ្រោះ(សព)ត្រូវបានខ្សែភ្លើងឆក់បណ្ដាលឲ្យធ្លាក់មកដី ហើយភ្លាមៗនោះបងប្អូនជនរងគ្រោះបានធ្វើចលនាសង្រ្គោះបឋមនិងបានបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យទឹកថ្លា និងមន្ទីរពេទ្យពងទឹក តែពេទ្យមិនមានសម្ភារជួយ ក៏បានដឹកមកដល់មន្ទីពេទ្យម្លិះចំការដូង តែពេលមកដល់មន្ទីរពេទ្យ គ្រូពេទ្យបានប្រាប់ថាជនរងគ្រោះបានស្លាប់បាត់ទៅហើយនិងបានឲ្យយកសពទៅផ្ទះវិញដើម្បីធ្វើបុណ្យតាមប្រពៃណី និងបានឲ្យពេទ្យយកសំណាកជាលទ្ធផលធ្វើតេស្តពីក្រុមគ្រូពេទ្យ គឺអវិជ្ជមានជំងឺកូវីដ-១៩។

បេីតាមសន្និដ្ឋានវាយតម្លៃតាមការពិនិត្យនិងវិភាគរបស់មន្ត្រីជំនាញខណ្ឌ ជុំវិញកន្លែងកើតហេតុ ជនរងគ្រោះពិតជាស្លាប់ដោយសារត្រូវខ្សែភ្លើងឆក់ប្រាកដមែន​ រួចសមត្ថកិច្ចបានធ្វេីកំណត់ហេតុប្រគល់សពជូនក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី​ ។

​ ជាមួយគ្នានោះដែរ​ សមត្ថកិច្ចជំនាញក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលមានជំនាញជាងភ្លើងក្តី ឬ អ្នកមិនមានជំនាញក្តី ត្រូវមានការប្រុងប្រយ័ត្នខ្ពស់បំផុតជាមួយចរន្តអគ្គិសនី ប្រសិនបើធ្វេសប្រហែសតែបន្តិចគឺអាចឆក់ស្លាប់ភ្លាម​ ៕

ដោយ​ ៖​ ភារ៉ា​ ដង្កោ​


ចែករំលែក៖