ខេត្តពោធិ៍សាត់៖ កាកបាទក្រហមកម្ពុជា ដែលមាន ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និងមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានប្រគល់ប្រាក់កម្ចីខ្នាតតូចគ្មានការប្រាក់ ជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ចំនួន ៤៤គ្រួសារ រស់នៅឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់។
នៅថ្ងៃសៅរ៍ ទី ១៤ ខែសីហា ឆ្នាំ២០២១នេះ លលោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងលោក ខូយ រីដា អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ បានអញ្ជេីញជួបសំណេះសំណាលសួរសុខទុក្ខ និងប្រគល់ប្រាក់កម្ចីខ្នាតតូចគ្មានការប្រាក់ ដែលជាជំនួយថវិការបស់សប្បុរសជនកូរ៉េ តាមរយៈក្រុមហ៊ុនសាជីវកម្មធានារ៉ាប់រងកូរ៉េ កាកបាទក្រហមកូរ៉េ និងធនាគារហិរញ្ញវត្ថុវូរី ជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ចំនួន ៤៤គ្រួសារ (គ្រួសារនីមួយៗទទួលបានថវិកា ២៥០ដុល្លារអាមេរិក) រស់នៅភូមិចំនួន៨ នៃឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់។
ក្នុងឱកាសនោះ លោកស្រី អគ្គលេខាធិការរងទី១ បានពាំនាំប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញេីសួរសុខទុក្ខ និងការលេីកទឹកចិត្តដល់ប្រជាពលរដ្ឋទាំងអស់ឱ្យបន្តខិតខំប្រឹងប្រែងខ្លួនឯងបន្ថែមទៀត ពង្រីកមុខរបរដេីម្បីលេីកស្ទួយជីវភាពគ្រួសារឱ្យកាន់តែប្រសេីរឡេីង។ ជាមួយគ្នានេះ សូមប្រជាពលរដ្ឋទាំងអស់ចូលរួមទប់ស្កាត់ និងកាត់ផ្តាច់ខ្សែចម្លងនៃជំងឺកូវីដ-១៩ តាមរយៈអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការនានារបស់រាជរដ្ឋាភិបាល អនុវត្ត ៣ការពារ ៣កុំ ២ចូលរួម និងការធ្វេីចត្តាឡីស័កឱ្យបានត្រឹមត្រូវ។ ទន្ទឹមនឹងនេះ សូមបងប្អូនរស់នៅមានអនាម័យ បរិភោគទឹកឆ្អិន ជៀសផុតពីជំងឺឆ្លងនានា។
គ្រួសារទទួលផលទាំងអស់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកាកបាទក្រហមកម្ពុជា ដែលបានផ្តល់ប្រាក់កម្ចីខ្នាតតូចគ្មានការប្រាក់ ដេីម្បីជាដេីមទុនក្នុងការពង្រីកមុខរបរ។ ជាមួយគ្នានេះ គ្រួសារនីមួយៗបានទទួលអំណោយបន្ថែមរួមមាន ៖ ម៉ាស់, អាល់កុល, សាប៊ូដុំ និងឃីត (មុង ភួយ សារុង ក្រមា អាវយឺត) ១កញ្ចប់ផងដែរ។
សូមបញ្ជាក់ថា ប្រាក់កម្ចីខ្នាតតូចគ្មានការប្រាក់ខាងលេីនេះ គឺជាជំនួយថវិការបស់សប្បុរសជនកូរ៉េ តាមរយៈក្រុមហ៊ុនសាជីវកម្មធានារ៉ាប់រងកូរ៉េ កាកបាទក្រហមកូរ៉េ និងធនាគារហិរញ្ញវត្ថុវូរី សម្រាប់ជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់សរុបចំនួន ៨៩គ្រួសារ រស់នៅស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ ហេីយដែលបានប្រគល់ជំហានទី១ ចំនួន ៤៤គ្រួសារ នៅឃុំផ្ទះរុង នាថ្ងៃទី ១៤ ខែសីហា ឆ្នាំ២០២១នេះ និងគ្រោងប្រគល់ជំហានទី២ ចំនួន ៤៥គ្រួសារទៀត នៅឃុំតាលោ នាខែតុលា ឆ្នាំ២០២១ខាងមុខនេះ។
សូមជម្រាបជូនថា សម្រាប់ខេត្តពោធិ៍សាត់ ចាប់តាំងពីឆ្នាំ២០០៥ ដល់បច្ចុប្បន្ននេះ កាកបាទក្រហមកម្ពុជា បានផ្តល់ប្រាក់កម្ចីខ្នាតតូចគ្មានការប្រាក់ ជូនដល់ប្រជាពលរដ្ឋសរុបចំនួន ២.១១៥គ្រួសារ ដែលជាជំនួយរបស់កាកបាទក្រហមអូទ្រីស អាឡឺម៉ង់ ណ៍រវេស អូស្រ្តាលី និង ICRC ដែលប្រាក់កម្ចីនេះ បាននិងកំពុងជួយកាត់បន្ថយការរងគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម និងធ្វេីឱ្យជីវភាពរស់នៅកាន់តែល្អប្រសេីរឡេីង តាមរយៈការប្រកបរបរដាំដំណាំ ចិញ្ចឹមសត្វ លក់គ្រឿងទេស កាត់ដេរ អ៊ុតសក់ ជួសជុលកង់ម៉ូតូ។ល។ ដោយឡែកទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា បានផ្តល់ប្រាក់កម្ចី ដល់គ្រួសារអតីតយុទ្ធជននៅឆ្នាំ២០១៩ ចំនួន ២២គ្រួសារ និងប្រើប្រាស់ប្រាក់បង្វិល ផ្តល់ជាប្រាក់កម្ចីវិញនៅឆ្នាំ២០២១នេះ បានចំនួន ២១គ្រួសារ៕
ដោយ៖ សិលា