ព័ត៌មានទាន់ហេតុការណ៍៖

ប្លែកថ្មីពី មាស សុខសោភា ដំណើរសាច់រឿងបទចម្រៀង ចេញពីកែវភ្នែកសត្វឆ្មា

ចែករំលែក៖

ភ្នំពេញ៖ អ្នកគាំទ្រតារាចម្រៀងមាស សុខសោភា កំពុងទន្ទឹងរងចាំស្នាដៃថ្មីរបស់នាងនៅរាត្រីនេះក្រោយពីការបង្ហើបឈុតខ្លីមួយចំនួនធ្វើឲ្យពួកគេពេញចិត្តខ្លាំង។ នាងបង្ហើបថាសាច់រឿងរបស់បទចម្រៀងថ្មីរបស់នាងកើតចេញពីកែវភ្នែករបស់សត្វឆ្កា ថាតើមានអ្វីប្លែកនោះ។
កន្លងទៅដូចតាមការសន្យា និងមិនធ្វើឲ្យអ្នកគាំទ្រខ្លួនខកចិត្តឡើយគឺ តារាចម្រៀងប្រចាំផលិតកម្មរាម កញ្ញា មាស សុខសោភា បានបង្ហើបពីស្នាដៃថ្មីរបស់ខ្លួនហើយនៅនៅថ្ងៃនេះ។ ស្នាដៃថ្មី គឺបទចម្រៀងមនោសញ្ចេតនាស៊ីជម្រៅអមទៅដោយសាច់រឿងនិយាយអំពីសត្វឆ្មា។ តាមការបញ្ចេញTrailer នូវបទចម្រៀងមួយបទក្រោមចំណងជើងថា”ចាក់ត្រង់ស្រលាញ់” ជាមួយនឹងទឹកដមសំនៀងថ្នមពិរោះរបស់តារាចម្រៀងរូបនេះអមដោយសាច់រឿងថ្មីប្លែក និងសម្តែងដោយតារាសម្តែង និងបង្ហាញម៉ូតកំពូលសម្រស់គឺប្រុសស្អាតលោក ជា ឃាងឈេ និងម្ចាស់មកុដកញ្ញាឯកចក្រវាឡកម្ពុជា២០១៩កញ្ញា សំណាង អេលីណានោះ។
ត្រឹមតែជាTrailer ខ្លីធ្វើឲ្យអ្នកគាំទ្រ តារាចម្រៀងមាស សុខសោភា បញ្ចេញសារពេញចិត្តស្តូក និងអន្ទះសារចង់ស្តាប់ និងទស្សនាបទចម្រៀងមួយនេះពេញ ខណៈដែលកន្លងទៅនេះនាងធ្លាប់បានបង្ហើបថានឹងបញ្ចេញបទចម្រៀងថ្មីប្លែកទាំងមនោសញ្ចេតនា និងញាក់កន្ត្រាក់អារម្មណ៍ដើម្បីបំពេញចិត្តអ្នកគាំទ្រនោះ។ ស្តាប់ការបង្ហើរសំនៀងខ្លីប៉ុន្តែធ្វើឲ្យអ្នកស្តាប់ព្រឺសម្បុរ និងបណ្តែតទៅតាមសំនៀងថ្នមរបស់នាងផងដែរ។ នេះគឺជាបទចម្រៀងថ្មីអមដោយ MV ដែលគេដឹងថាផលិតកម្មបានសម្រិតសម្រាំងយ៉ាងពិសេសសម្រាប់នាងក្រោយពីខកខានបញ្ចេញសា្នដៃMVសម្រាប់តារាចម្រៀងរូបនេះព្រោះតែបរិសបទនៃជំងឺកូវីដ១៩។ គេនៅបន្តរងចាំតាមដានដែរថាតើបទចម្រៀងដែលនិយាយអំពីសត្វឆ្មា របស់តារាចម្រៀងស្រីលំដាប់ជួរមុខរូបនេះនឹងអាចធ្វើឲ្យទស្សនិកជនជក់ចិត្តកម្រិតណា ខណៈដែលគេនៅចាំបានដែរថា ការបញ្ចេញបទចម្រៀងបើកឆាកដំបូងរបស់តារាចម្រៀងរូបនេះនៅក្នុងផលិតកម្មរាមកន្លងទៅពិតជាធ្វើឲ្យអ្នកគាំទ្រនាងពេញចិត្តមិនតិចនោះទេ។
គួរបញ្ជាក់ដែរថាក្រោយពីប្រកាសចូលច្រៀងក្នុងផលិតកម្មរាម ទើបនឹងបានកន្លះឆ្នាំប៉ុណ្ណោះ តារាចម្រៀង មាស សុខសោភា បានបញ្ចេញសា្នដៃបទចម្រៀងថ្មីជាច្រើនបន្តបន្ទាប់ និងទទួលបានការគាំទ្រច្រើនដដែលពីទស្សនិកជន។ បើទោះបីជាស្ថិតក្នុងដំណាក់កាលនៃបរិបទជំងឺកូវីដ១៩ ដែលនាង និងក្រុមការងារផលិតមិនអាចចេញផលិតជាMV ដើម្បីបំពេញចិត្តអ្នកគាំទ្របានច្រើនមែន ប៉ុន្តែស្នាដៃដែលស្ថិតក្រោមការសម្រិតសម្រាំងពីអ្នកនិពន្ធ បានធ្វើឲ្យនាងរក្សាបានលំនឹងទីផ្សារខ្លាំងដដែល៕

ដោយ៖ វឌ្ឍនា


ចែករំលែក៖