ខេត្តកំពង់ធំ៖ នៅយប់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១ រដ្ឋបាលខេត្តកំពង់ធំ បានចេញសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តកំពង់ធំ ស្តីពីការបិទជាបណ្ដោះអាសន្នផ្សារក្បាលថ្នល់ ក្នុងភូមិក្ដី សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងភូមិសាស្រ្ដខេត្តកំពង់ធំ។
ប្រការ១..ត្រូវបិទជាបណ្តោះអាសន្ន ផ្សារក្បាលថ្នល់ ស្ថិតក្នុងភូមិ សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ចាប់ពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ តទៅរហូតដល់មានការជូនដំណឹងជាថ្មី ដើម្បីទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ។
ប្រការ២…ត្រូវផ្អាកជាបណ្តោះអាសន្ននូវរាល់សកម្មភាពលក់ដូរ និងចេញចូលក្នុង “ផ្សារក្បាលថ្នល់”។ អាជីវករគ្រប់រូបដែលប្រកបអាជីវកម្មនៅផ្សារក្បាលថ្នល់ត្រូវទៅពិនិត្យសំណាករកមេរោគកូវីដ-១៩ នៅសាលា បឋមសិក្សាកំពង់ធំក្រុង។ ចំពោះបុគ្គលដែលធ្លាប់ចេញចូលផ្សារខាងលើ ត្រូវតាមដានសុខភាពរបស់ខ្លួនឯងជាប្រចាំ បើមានរោគសញ្ញាសង្ស័យ ត្រូវប្រញាប់ទាក់ទងមកអាជ្ញាធរ ឬមណ្ឌលសុខភាពដែលនៅកៀកបំផុត ដើម្បីយក សំណាកពិនិត្យរកមេរោគកូវីដ-១៩។
ប្រការ៣…បុគ្គល ឬនីតិបុគ្គលទាំងឡាយណាដែលមិនអនុវត្តតាមខ្លឹមសារដូចមានចែងក្នុងប្រការ១ និងប្រការ២ នៃសេចក្តីសម្រេចនេះ ត្រូវអនុវត្តការផាកពិន័យអន្តរការណ៍ តាមសេចក្ដីសម្រេចលេខ ០៤៦/២១សសរ ចុះថ្ងៃ ទី១៣ ខែមេសា ឆ្នាំ២០២១ របស់រដ្ឋបាលខេត្ត ឬ/និងផ្តន្ទាទោសដាក់ពន្ធនាគារស្របតាមច្បាប់ស្តីពីវិធានការទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត និងលិខិត បទដ្ឋានគតិយុត្តដែលមានជាធរមាន។
ប្រការ៤…បទបញ្ញត្តិទាំងឡាយណារបស់រដ្ឋបាលខេត្ត ដែលផ្ទុយនឹងសេចក្តីសម្រេចនេះ ត្រូវទុកជានិរាករណ៍។
ប្រការ៥…នាយករដ្ឋបាលសាលាខេត្ត ស្នងការនគរបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ប្រធានមន្ទីរ សុខាភិបាល អភិបាល នៃគណៈអភិបាលក្រុងស្ទឹងសែន និងប្រធានមន្ទីរ/អង្គភាពជុំវិញខេត្ត ត្រូវទទួលបន្ទុកអនុវត្ត សេចក្តីសម្រេចនេះឲ្យមានប្រសិទ្ធភាពចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕
ដោយ៖ សិលា