ព័ត៌មានទាន់ហេតុការណ៍៖

តាមពិតបេក្ខភាពកញ្ញាឯកចក្រវាឡ កញ្ញា Magaret ដែលកំពុងផ្ទុះការចាប់អារម្មណ៍ខ្លាំងគឺជាកូនស្រីតារាសម្តែង ណិប កេសី

ចែករំលែក៖

    ភ្នំពេញ៖ ទាំងសមត្ថភាពនិយាយភាសាអង់គ្លេស ទាំងរូបសម្រស់របស់កញ្ញា Magaret បេក្ខភាពកញ្ញាឯកចក្រវាឡ២០២១ បានធ្វើឲ្យគេចាប់អារម្មណ៍មិនតិចនោះទេ។ នាងនឹងបង្ហាញមុខក្នុងកម្មវិធីនាពេលដ៏ខ្លីខាងមុខប៉ុន្តែអ្វីដែលជាការចាប់អារម្មណ៍នោះ គឺនាងជាកូនស្រីបង្កើតរបស់តារាសម្តែងជើងចាស់លោកស្រី ណិប កេសី។ 

  គេនៅចាំបានថា លោកស្រីណិប កេសី ត្រូវបានគេស្គាល់ថាជាអតីតតារាសម្តែងស្រីល្បីឈ្មោះ និងជាកញ្ញាឯកដ៏ស្រស់ស្អាតប្រចាំទស្សនាវដ្តីមួយក្នុងទសវត្សរ៍ទី៩០ ។ នាងបានប្រឡូកក្នុងអាជីពសិល្បៈក្នុងអំឡុងឆ្នាំ១៩៩៥ គ្រាដែលលោកស្រីទទួលបានចំណាត់ថ្នាក់លេខ៣ក្នុងកម្មវិធីប្រកួតសម្រស់របស់ទស្សនាវដ្តីជីវិតកម្សាន្ត ដែលរៀបចំគ្រប់គ្រងដោយលោកស្រី សាន់ណារ៉ា ឡងឌី។ បន្តមកនៅឆ្នាំ១៩៩៥ អ្នកនាងបានចូលក្នុងការងារសម្ដែង ដោយបានសម្ដែងក្នុងខ្សែភាពយន្ត ខារ៉ាអូខេ រួមទាំងដើរបង្ហាញម៉ូដទៀតផង។ អ្នកនាងធ្លាប់សម្ដែងក្នុងរឿងជាច្រើនដូចជា “រំដួលទងមាស” និង”បិសាចចម្លែក” សុទ្ធតែជារឿងដែលអ្នកនាងទទួលបានការគាំទ្រច្រើន។ លោកស្រីជាអាណិកជនខ្មែរ-អាមេរិកនៅឆ្នាំ១៩៩៩ និងបានបញ្ចប់ការងារសិល្បៈទាំងស្រុងនៅឆ្នាំ២០០០ដោយបានចាកចេញទៅរស់នៅសហរដ្ឋអាមេរិកក្នុងរដ្ឋម៉ារីលែន ហើយក្នុងអំឡុងឆ្នាំ២០២០ គេឃើញវត្តមានលោកស្រីវិលមកកម្ពុជាជាមួយកូនស្រីបណ្តូលចិត្តខាងលើដោយលោកស្រីធ្លាប់លើកឡើងថា មករស់នៅកម្ពុជាជាមួយកូនស្រីដែលចង់ប្រឡូកក្នុងអាជីពសិល្បៈ ហើយពេលនេះនាងបានឈោងចាប់ក្តីស្រមៃតាមរយៈការប្រកួតក្នុងកម្មវិធីសម្រស់ធំដែលជាកម្មវិធីមានប្រជាប្រិយភាពមួយនៅកម្ពុជានោះ។

ឆ្នាំមុននេះ យុវតី ម៉ាហ្គារ៉េត មានឈ្មោះពេញថា ម៉ាហ្គារ៉េតពេជ្រចរណៃ នាងក៏ធ្លាប់បានបង្ហាញមុខក្នុងនាមជាបេក្ខភាពម្នាក់ផងដែរ ប៉ុន្តែនាងមិនបានទៅដល់វគ្គចុងក្រោយឡើយ ព្រោះតែគ្រានោះនាងនៅពត់ធ្មេញនៅឡើយ។ ម៉ាហ្គារ៉េត មានវ័យ២០ឆ្នាំ កម្ពស់១,៦៥ ម៉ែត្រ មានរាងស្រឡូន និងបានឆ្លងកាត់ការហ្វឹកហាត់ដើរបង្ហាញម៉ូដកាលពីឆ្នាំមុននេះគ្រាដែលនាងនិងម្តាយបានវិលត្រឡប់ពីការរស់នៅលើទឹកដីនៃសហរដ្ឋអាមេរិក។នាងមានឪពុកជាអាណិកជនខ្មែររស់នៅសហរដ្ឋអាមេរិក និងបម្រើការងារក្នុងអង្គការ ណាសា។ នាងគឺជាកូនស្រីច្បង និងមានប្អូនប្រុសពៅ អាយុ១៦ឆ្នាំម្នាក់មានរូបរាងស្រស់សង្ហាផងដែរ។ ក្រោយពីការបង្ហាញវត្តមានជាបេក្ខភាពប្រកួតកញ្ញាឯក នាងទទួលបានការលើកទឹកចិត្តជាច្រើនពីទស្សនិកជន ពិសេសក្រុមអ្នកគាំទ្រវិស័យកញ្ញាឯក ខណៈដែលគេដឹងថា កន្លងទៅនាងធ្លាប់បានបង្ហាញមុខក្នុងកម្មវិធីប្រគំតន្ត្រីចុងសប្តាហ៍របស់ស្ថានីយទូរទស្សន៍មួយ ព្រោះតែនាងក៏អាចច្រៀងបានផងដែរ ហើយគេរំពឹងថាការប្រើប្រាស់ភាសាអង់គ្លេសរបស់នាងបានល្អ ព្រោះតែនាងធំធាត់នៅលើទឹកដីនៃសហរដ្ឋអាមេរិកស្រាប់នោះ៕ 

                                      

ដោយ៖ វឌ្ឍនា


ចែករំលែក៖