ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋនៅតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះឈ្នះ បានទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី១ ដោយក្រុមរថយន្តចល័ត គ្រូពេទ្យកងទ័ពយោធភូមិភាគ៥

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ យោងតាមហ្វេសប៊ុកកងទ័ពយោធភូមិភាគ៥ បានបញ្ជាក់អោយដឹងថា, ក្រុមការងារខុទ្ទកាល័យសម្តេចតេជោដឹកនាំដោយ លោក ប៉ាន់ខែម ប៊ុនថន  នាយករងខុទ្ទកាល័យសម្តេចតេជោ  និងក្រុមរថយន្តចល័ត ក្រុមគ្រូពេទ្យកងទ័ពយោធភូមិភាគទី៥ ដឹកនាំដោយឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរងនាយសេនាធិការ យោធភូមិភាគទី៥ បានចាក់វ៉ាក់សាំងលើកដំបូងជូនប្រជាពលរដ្ឋស្ថិតនៅក្នុងតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះឈ្នះ ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១ម្សិលមុិញ ស្ថិតនៅភូមិបឹងជង្រុក ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ដោយប្រជាពលរដ្ឋនៅតំបន់នេះភាគច្រើនជាជនពិការ ពិបាកក្នុងការធ្វើដំណើរទៅទីតាំងចាក់វ៉ាក់សាំងឆ្ងាយ។

សូមបញ្ជាក់ថា តំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះឈ្នះ គឺជាតំបន់ដែលមានទំនាស់ វិវាទដីធ្លី ជាង២០ឆ្នាំ ក្រោមដំណោះស្រាយនយោបាយឈ្នះឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ចប់វិវាទតំបន់នេះ ក្រោមការសម្របសម្រួលដឹកនាំដោយលោក ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចតេជោបានប្រែមុខមាត់ថ្មី និងកំពុងអភិវឌ្ឍន៍លើគ្រប់វិស័យ ប្រកបដោយចីរភាព។

ក្នុងឱកាសនោះដែរ លោក ប៉ាន់ខែម ប៊ុនថន ក្នុងនាមក្រុមការងារ និងជំនួសមុខអោយប្រជាពលរដ្ឋទាំងអស់ក្នុងតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះឈ្នះ បានថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យកងទ័ព ដែលបានចល័តចាក់វ៉ាក់សាំងផ្តល់ភាពងាយស្រួលជូនប្រជាពលរដ្ឋដល់ទីតាំងផ្ទាល់ ក្នុងស្មារតីរួមគ្នាដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាពលរដ្ឋ ក្នុងយុទ្ធនាការ បង្ការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺឆ្លងកូវីដ-១៩៕

ដោយ ៖ សិលា


ចែករំលែក៖