ព័ត៌មានទាន់ហេតុការណ៍៖

អ្នកល្មើសវិធានការសុខាភិបាល​ និងវិធានការរដ្ឋបាល សម្រាប់ថ្ងៃទី១៤ ខែសីហា!​ មានចំនួន ១,១២៩​ករណី៖ឃាត់ខ្លួនមនុស្ស ២,៥៣៨នាក់ (បញ្ជូនទៅតុលាការ)២៥នាក់,ឃាត់យានយន្ត ៩០៣គ្រឿង​ និងពិន័យជាប្រាក់ ៣៧,៣០០,០០០រៀល

ចែករំលែក៖

ភ្នំពេញ​៖​ បេី​យោង​តាម​ការបញ្ជាក់​ពី​លោក​ គឹម​ សន្តិភាព​ រដ្ឋលេខាធិការ​ ​និងជាអ្នកនាំពាក្យក្រសួង​យុត្តិធម៌​ នៅព្រឹក​ថ្ងៃ​អាទិត្យ​ទី​១៥ ខែសីហា​ ឆ្នាំ​២០២១នេះ​ បានប្រកាសសេចក្តីជូនដំណឹងស្តីពីលទ្ធផលអនុវត្តវិធានការច្បាប់ចំពោះបុគ្គលដែលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល សម្រាប់ថ្ងៃទី១៤ ខែសីហា​ ឆ្នាំ​២០២១​។ 

​លោក​ គឹម​ សន្តិភាព​ បានបញ្ជាក់បន្ថែមថា​ លទ្ធផលអនុវត្តវិធានការច្បាប់ចំពោះបុគ្គលដែលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល សម្រាប់ថ្ងៃទី១៤ ​ខែសីហាម្សិលមិញនេះ​ មានដូចខាងក្រោម​៖

កាអនុវត្តវិធានការច្បាប់មានចំនួន ១,១២៩​ ករណី ៖

១.ឃាត់ខ្លួន (អប់រំ និងពិន័យ) ចំនួន ២,៥៣៨នាក់ (បញ្ជូនទៅតុលាការ) ២៥នាក់

២.ឃាត់យានយន្ត ចំនួន​ ៩០៣គ្រឿង​

៣.ពិន័យជាប្រាក់ ចំនួន ៣៧,៣០០,០០០រៀល។

គួរជម្រាបថា​ ដោយអនុវត្តតាមសារាចរលេខ០៤ សរ ចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ ស្តីពីការដាក់ចេញ យុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ របស់រដ្ឋាភិបាល និងសេចក្តីសំរេចលេខ ២៤៩/២១ សសរ របស់រដ្ឋបាលរាជធានីភ្នំពេញ ចុះថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ ស្តីពីការដាក់ចេញ វិធានការរដ្ឋបាលនៅភូមិសាស្រ្តរាជធានីភ្នំពេញសម្រាប់រយៈពេល ១៤ថ្ងៃ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ 

បើតាមលោក​ ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ​ ធ្លាប់​បានមានប្រសាសន៍ថា​ ការអនុវត្តចាប់ពីយប់ថ្ងៃទី៣០​ ខែកក្កដា ឆ្នាំ២០២១កន្លងទៅ គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានអនុវត្តការផាកពិន័យចំពោះអ្នកល្មើសបម្រាមគោចរពាក់ព័ន្ធនឹងការបិទខ្ទប់រាជធានីភ្នំពេញចាប់ពីម៉ោង៩យប់ដល់ម៉ោង៣ទៀបភ្លឺ ដោយអនុវត្តយ៉ាងម៉ឺងម៉ាត់បំផុតគ្មានការលើកលែងឡើយ ហើយបើល្មើសធ្ងន់ធ្ងរអាចបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តទៀត។​ មិនតែប៉ុណ្ណោះ​អ្នកល្មើសនឹងបម្រាមគោចរ ចាប់ពីម៉ោង៩យប់ដល់ម៉ោង៣ទៀបភ្លឺត្រូវផាកពិន័យយ៉ាងធ្ងន់ធ្ងរ គឺម៉ូតូ២០ម៉ឺនរៀល រថយន្ត១លានរៀល។​

គួរបញ្ជាក់ថា​ ដោយគិតពីសុខភាពនិងអាយុជីវិតបងប្អូនប្រជាពលរដ្ឋ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន​ បានចេញសេចក្តីសម្រេចបិទខ្ទប់ខេត្តចំនួន៨រួចហើយ ដើម្បីកុំឲ្យមានការរីករាលដាលនៃជំងឺកូវីដបំប្លែងថ្មីនេះ។​ ទេីប​រដ្ឋបាលរាជធានីភ្នំពេញ​ ក៏បានសម្រេចបិទបម្រាមគោចរចាប់ពីម៉ោង៩យប់ដល់ម៉ោង៣ទៀបភ្លឺផងដែរ ដើម្បីរក្សាអាយុជីវិតបងប្អូនប្រជាពលរដ្ឋខណៈដែលជំងឺនេះបាននិងកំពុងរីករាលដាលយ៉ាងខ្លាំង គួរឲ្យព្រួយបារម្ភ៕

ដោយ​៖សហការី​


ចែករំលែក៖