ព័ត៌មានទាន់ហេតុការណ៍៖

Messi បានបង្ហាញមុខដល់អ្នកគាំទ្រនៅពេលដែលក្រុម PGS ឈ្នះStrasbourg

ចែករំលែក៖

ខ្សែប្រយុទ្ធ Lionel Messi ត្រូវបានបង្ហាញមុខដល់អ្នកគាំទ្រក្រុម Paris St-Germain ក្នុងកីឡដ្ឋានមុនពេលជ័យជម្នះកាលពីរាត្រីថ្ងៃសៅរ៍ឈានចូលថ្ងៃអាទិត្យលើក្រុម Strasbourg ក្នុងលទ្ធផល៤ទល់២

អតីតតារាឆ្នើមក្រុម Barcelona រូបនេះត្រូវបានបង្ហាញជាមួយការចុះហត្ថលេខាជាមួយខ្សែការពារ Sergio Ramos, កីឡាករ Gianluigi Donnarumma, Georginio Wijnaldum និងកីឡាករ Achraf Hakimi

Messi មិនបានចូលរួមប្រកួតក្នុងការប្រកួតនេះទេ ប៉ុន្តែគាត់បានអង្គុយមើលការប្រកួតនេះ ខណៈដែលក្រុមរបស់លោក Mauricio Pochettino ធ្វើបានល្អដោយបានឈ្នះទាំង២ប្រកួតក្នុងដើមរដូវកាលថ្មីលីគកំពូលបារាំង Ligue 1 នេះ

បន្ទាប់ពីចូលរួមជាមួយ PSG ក្នុងកិច្ចព្រមព្រៀងរយៈពេល២ឆ្នាំកាលពីដើមសប្តាហ៍នេះ Messi មិនអាចចូលលេងបានទេ ដោយទើបតែត្រឡប់មកពីបំពេញកាតព្វកិច្ចអន្តរជាតិជាមួយក្រុមជម្រើសជាតិអាហ្សង់ទីន។ ចំណែកកីឡាករ Ramos, Donnarumma និង Hakimi ក៏មិនទាន់បានបង្ហាញខ្លួនក្នុងទីលានប្រកួតក្នុងជំនួបនេះដែរ ។

សូមបញ្ជាក់ថា ៤គ្រាប់របស់ក្រុម PSG រកបានដោយកីឡាករ Mauro Icardi នាទីទី៣, ខ្សែប្រយុទ្ធ Kylian Mbappe នាទីទី២៥, កីឡាករ Julian Draxler នៅនាទីទី២៧ និងកីឡាករ Pablo Sarabia នៅនាទីទី៨៦។ ចំណែក២គ្រាប់របស់ក្រុម Strasbourg រកបានដោយកីឡាករKevin Gameiro នៅនាទីទី៥៣ និងកីឡាករ Ludovic Ajorque នៅនាទីទី៦៤។ ២ប្រកួតកន្លងមក PSG ឈ្នះទាំង២ប្រកួតដែលធ្វើឲ្យក្រុមនេះឈរលេខ១បណ្តោះអាសន្ននៅលីគកំពូលបារាំងមាន៦ពិន្ទុ និងគ្រាប់បាល់ចំណេញ៣គ្រាប់ ៕

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)


ចែករំលែក៖