ទីក្រុងហូជីមិញ ៖ ស្ថានអគ្គកុងស៊ុលនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំទីក្រុងហូជីមិញ មានកិត្តិយសសូម គោរពជម្រាបជូន បងប្អូនប្រជាពលរដ្ឋ សិក្ខាកាមនគរបាលជាតិ សិក្ខាកាមយោធា និងនិស្សិតកម្ពុជាទាំងអស់ ដែលមានវត្តមាននៅទីក្រុងហូជីមិញ មេត្តាជ្រាបថា គិតចាប់ពីថ្ងៃទី ០៩ ខែកក្កដា ឆ្នាំ២០២១ ដែលទីក្រុងហូជីមិញបានអនុវត្តបទបញ្ជាលេខ ១៦ ក្នុងការបិទខ្ទប់ក្រុង ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ តែស្ថានការណ៍វិវត្តនៃជំងឺឆ្លងនេះ មិនទាន់មានភាពថមថយទេ និងកំពុងវិវត្តយ៉ាងស្មុគស្មាញ ពិបាកស្មាន ដែលបង្កឡើងដោយវីរុសប្រភេទថ្មី Delta ធ្វើឲ្យចំនួន អ្នកឆ្លង និងស្លាប់បន្តកើនឡើង ដោយសារការចម្លងមេរោគរហ័ស និងកាចសាហាវគួរឲ្យបារម្ភ។
យោងគេហទំព័រសារព័ត៌មាន thanhnien.vn ចុះផ្សាយនៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ ២០២១ នេះ លោក Phan Van Mail អនុលេខាបក្សអចិន្ត្រៃយ៍ទីក្រុងហូជីមិញ បានថ្លែងថា ដើម្បីសម្រេចទិសដៅប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ-១៩ និងគ្រប់គ្រងស្ថានការណ៍ឲ្យបានមុនថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ២០២១ តាមបទបញ្ជារបស់រដ្ឋាភិបាលវៀតណាម អាជ្ញាធរទីក្រុងហូជីមិញបាន សម្រេចបន្តអនុវត្តបទបញ្ជាលេខ ១៦ ស្តីពីការរក្សាគម្លាតសង្គម (បិទខ្ទប់ក្រុង) រយៈពេល ១ខែ បន្ថែមទៀត ចាប់ពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ នេះ សំដៅទប់ស្កាត់ និងប្រយុទ្ធប្រឆាំងជំងឺឆ្លង កូវីដ១៩ ដើម្បីការពារជីវិត សុខមាលភាពរបស់ប្រជាជន និងកាត់បន្ថយការស្លាប់ជាអតិបរមា។
អាស្រ័យដូចបានជម្រាបជូនខាងលើ ស្ថានអគ្គកុងស៊ុលសូមអំពាវនាវបងប្អូនទាំងអស់ បង្កើនការប្រុងប្រយ័ត្នខ្ពស់បំផុត ដោយពាក់ម៉ាស់ជាប្រចាំ លាងដៃនឹងសាប៊ូ ឬជែលលាងដៃកំចាត់ មេរោគឲ្យបានញឹកញាប់ រក្សាគម្លាតសុវត្ថិភាព (២ម៉ែត្រ) កុំចេញក្រៅផ្ទះ និងត្រូវអនុវត្តវិធានការ សុខាភិបាល និងបទបញ្ហាខាងលើ ឲ្យបានខ្ជាប់ខ្ជួន និងមានប្រសិទ្ធភាពបំផុត។
ក្នុងករណីបន្ទាន់សូមទាក់ទងលេខទូរសព្ទ៖ (+84) 2838292751 ឬ លោក ព្រីង សុខ កុងស៊ុល ០៣៩ ៩៥៥៦៣៧៧ឬ អាសយដ្ឋានអុីម៉ែលcamcg.hcm@mfaic.gov.kh៕
ដោយ៖ សុខ ខេមរា