ក្លិប Inter Milan បានស្វែងរកអ្នកជំនួសចំពោះការលក់ខ្សែប្រយុទ្ធឆ្នើម Romelu Lukaku ដោយចុះហត្ថលេខាជាមួយអតីតខ្សែប្រយុទ្ធរបស់ក្រុម Manchester City គឺកីឡាករ Edin Dzeko ពីក្លិប Roma ។
ខ្សែប្រយុទ្ធ Dzeko ពិតជាបានរកគ្រាប់បាល់ដំបូងរបស់ Inter Milan មុនពេលកិច្ចព្រមព្រៀងត្រូវបានបញ្ជាក់ដោយស៊ុតបញ្ចូលទីក្នុងជ័យជម្នះមិត្តភាព ៣-០ លើក្រុម Dynamo Kyiv ពេលលេងដោយបិទទ្វារ។បន្ទាប់ពីចប់ការប្រកួត Inter Milan បានបង្ហាញថា ប្រធានក្រុមជម្រើសជាតិបូស្នៀ Dzeko វ័យ៣៥ ឆ្នាំរូបនេះបានចូលរួមក្នុងកិច្ចសន្យារយៈពេល២ ឆ្នាំ។
ក្លិប Inter Milan ក៏បានបន្ថែម Denzel Dumfries ដែលទិញពីក្លិប PSV Eindhoven ក្នុងកិច្ចសន្យា៤ ឆ្នាំ។ ខ្សែការពាររូបនេះបានបង្ហាញពីការចាប់អារម្មណ៍ដែលបានបង្ហាញខ្លួនជាមួយក្រុមជម្រើសជាតិហូឡង់អំឡុងការប្រកួតយូរ៉ូ២០២០ ។
ក្រុម Inter Milan ចាប់ផ្តើមការពារតំណែងជើងឯកអុីតាលី Serie A របស់ពួកគេនៅថ្ងៃសៅរ៍សប្តាហ៍ក្រោយទល់នឹងក្រុម Genoa សម្រាប់ការប្រកួតបើកឆាករដូវកាលថ្មី។
Dzeko ដែលរកបាន១១៩គ្រាប់ក្នុងការបង្ហាញខ្លួន២៦០លើកសម្រាប់ក្រុម Roma គឺជាការជំនួសដោយផ្ទាល់សម្រាប់ Lukaku ដែលបានចូលរួមជាមួយ Chelsea ក្នុងតម្លៃ៩៧.៥លានផោន។ កីឡាករ Dzeko បានជួយក្រុមឈ្នះពានរង្វាន់ Bundesliga ឆ្នាំ២០០៨-២០០៩ ជាមួយ Wolfsburg និង Premier League ជាមួយ Man City ក្នុងឆ្នាំ២០១១-២០១២ និង២០១៣-២០១៤ ។
គ្រូបង្វឹកក្រុម Roma លោក Jose Mourinho ចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាជាមួយខ្សែប្រយុទ្ធ Tammy Abraham របស់ក្រុមតោខៀវ Chelsea ដើម្បីជំនួស Dzeko ដែលត្រូវបានលក់ចេញនៅពេលនេះផងដែរ ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)