ព័ត៌មានទាន់ហេតុការណ៍៖

ព្រឹកនេះ ! ថ្នាក់ដឹកនាំខេត្តស្វាយរៀង បានអញ្ជើញចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសជំរុញ(ដូសទី៣​ អាស្ត្រាហ្សេនីកា)

ចែករំលែក៖

ខេត្តស្វាយរៀង៖ នាព្រឹកថ្ងៃអាទិត្យ៧កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១នេះ លោក ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត លោក ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្របខ័ណ្ឌទូទាំងខេត្តស្វាយរៀង និងលោកស្រី បានអញ្ជើញចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសជំរុញ(ដូសទី៣​ អាស្ត្រាហ្សេនីកា) ក្នុងគោលការណ៍ស្ម័គ្រចិត្ត ជូនដល់សមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត​ មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា​ ដែលប្រព្រឹត្តទៅនៅសាលប្រជុំធំអាគា”ឃ”សាលាខេត្តស្វាយរៀង។

សូមជម្រាបជូនថា ក្រោមការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងការគៀគវ៉ាក់សាំង​ ដើម្បីជំរុញដល់សុខមាលភាពរបស់ប្រជាជនកម្ពុជា​ទាំងមូល ក្នុងនោះខេត្តស្វាយរៀង គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ខេត្ត ក៏បានរៀបចំចាក់ដូសទី៣​ ដែលជាដូសជំរុញអង់ទីគ័រក្នុងការបង្ការការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងមេរោគបំលែងខ្លួនថ្មីផងដែរ។

រដ្ឋបាលខេត្តស្វាយរៀង​ក៏សូមអំពាវដល់មន្ត្រីីរាជការ​និងប្រជាពលរដ្ឋទាំងអស់​ក្រោយទទួលបានការចាក់សាំងការពារជំងឺកូវីដ១៩រួចហេីយ​ ត្រូវបន្តចូលរួមប្រកាន់ភ្ជាប់នូវវិធានការ”៣ការ​ពារ​ ៣កុំ”របស់ប្រមុខរាជរដ្ឋាភិបាលឲ្យបានខ្ជាប់ខ្ជួន៕

ដោយ៖ សិលា


ចែករំលែក៖