ព័ត៌មានទាន់ហេតុការណ៍៖

សោកស្តាយ សត្វទន្សោងឈ្មោល១ក្បាលទៀត ស្លាប់នៅសល់តែគ្រោងឆ្អឹងដោយសារជាប់អន្ទាក់ព្រាន

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ ក្រុមព្រានព្រៃនៅតែមានមហិច្ឆតាសម្លាប់សត្វព្រៃដ៏កម្រ បើទោះបីច្បាប់ហាមឃាត់ និងមានការបង្រ្កាបជាញឹកញាប់ពីសមត្ថកិច្ចក៏ដោយ។
ជាក់ស្តែងសត្វទន្សោងឈ្មោល១ក្បាលបានស្លាប់នៅសល់តែគ្រោងឆ្អឹងត្រូវបានគេប្រទះឃើញ នាល្ងាចថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១ ក្នុងព្រៃសហគមន៍ មុមបីក្នុងខេត្តកំពង់ស្ពឺ ពេលក្រុមមន្ត្រីអភិរក្សសហគមន៍បានចេញល្បាត។
តាមសម្តីរបស់លោក លីវ សារ៉ុម មន្ត្រីអភិរក្សសហគមន៍ព្រៃឈើម៉ុមប្រាំបី បានឱ្យដឹងថា សពសត្វទន្សោងឈ្មោល ១ក្បាលនេះបានងាប់មកជាច្រើនថ្ងៃមកហើយដោយសារតែជាប់អន្ទាក់ព្រានព្រៃ វាបានរើបំរះពីអន្ទាក់របស់ព្រានរហូតដាច់ជើងម្ខាង ហើយបានរត់គេចចេញពីកន្លែងជាប់អន្ទាក់នោះ ដើររហូតដល់កន្លែងដែលវាបានស្លាប់។

លោក លីវ សារ៉ុម បានបញ្ជាក់ផងដែរថា សត្វទន្សោងឈ្មោលមួយក្បាលនេះ គឺមានរបួសជាប់ខ្លួនយូរថ្ងៃមកហើយ ខណៈវាធ្លាប់បានជាប់អន្ទាក់ព្រានព្រៃម្តងរួចមកហើយកាលពីអំឡុងខែឧសភា។ កាលណោះក្រោយពេលវាមានរបួសវាបានដើរ ចូលមកចំកាមេរ៉ារបស់ក្រុមអភិរក្សថតបានដោយជើងម្ខាងមានរបួសធ្ងន់ធ្ងរ ឯរូបកាយក៏មានការស្គមស្គាំងផងដែរ។ ពេលនោះក្រុមការងារបានដាក់កម្លាំងចុះល្បាតរកកន្លែងវារស់នៅ ដើម្បីហៅក្រុមអង្គការសម្ព័ន្ធមិត្តសត្វព្រៃ មកជួយព្យាបាលតែមកដល់ថ្ងៃជួបវាបានងាប់បាត់ទៅហើយ ។
ចំណែកលោក សឿន ឡាយ ប្រធានសហគមន៍ព្រៃឈើម៉ុមបី ក៏បានឱ្យដឹងដែរថា «វាជាទន្សោងទី៦ ហើយដែលបានស្លាប់ដោយជាប់អន្ទាក់។ ទន្សោងបារនេះវាជាប់អន្ទាក់រយៈពេលយូរថ្ងៃបណ្តាលឱ្យដំបៅដាច់ជើងនិងគ្មានចំណីស៊ី ដូច្នេះហើយទើបបណ្តាលឱ្យវាស្លាប់ព្រោះតែមិនអាចដើររកស៊ីបាន»។ជាមួយនឹងការស្លាប់ទន្សោងបារនេះដែរ ប្រធានសហគមន៍ក៏បានបញ្ជាក់ដែរថាទន្សោងបារនេះ តែងដើរជាគូជាមួយទន្សោងមេ ១ក្បាលទៀត ដែលបច្ចុប្បន្នទន្សោងមេនោះ ក៏កំពុងមានរបួសជើងផងដែរ ។ ពេលនេះក្រុមការងារកំពុងរុករកទន្សោងមេ១ក្បាលនោះដើម្បីព្យាបាលជើងដែលរងរបួស៕

ដោយ៖ ប្រសើរ


ចែករំលែក៖