ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរក្រុងសែនមនោរម្យ សហការជាមួយគ្រូពេទ្យជួរមុខចុះយកសំណាក ធ្វើតេស្តរកជំងឺកូវីដ-១៩ លើអាជីវករ និងប្រជាពលរដ្ឋរស់នៅក្នុងផ្សារសែនមនោរម្យ

ចែករំលែក៖

ខេត្តមណ្ឌលគិរី ៖ អាជ្ញាធរក្រុងសែនមនោរម្យ សហការជាមួយគ្រូពេទ្យនៃមន្ទីរសុខាភិបាលខេត្តមណ្ឌលគិរី បានចុះយកសំណាកធ្វើតេស្តរកជំងឺកូវីដ-១៩ លើអាជីវករ និងប្រជាពលរដ្ឋរស់នៅក្នុងផ្សារសែនមនោរម្យ នាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ ក្រោយមានករណីផ្ទុះក្នុងសហគមន៍។

ដំណើរការនៃសកម្មភាពប្រកបរបរទិញលក់ ម្ហូបអាហារ ត្រីសាច់ បន្លែផ្លែឈើ ក្នុងផ្សារសែនមនោរម្យ ដែលជាមណ្ឌលសេដ្ឋកិច្ចធំជាងគេប្រចាំខេត្តមណ្ឌលគិរី ត្រូវបានបិទផ្អាកជាប៉ុណ្ណោះអាសន្ន ហើយផ្នែកខ្លះទៀត នៃផ្សារត្រូវបិទខ្ទប់ ដោយសារតែកំណើនអ្នកវិជ្ជមានក្នុងសហគមន៍បានផ្ទុះរាលដាលជាច្រើនករណី។

គិតត្រឹមវេលាម៉ោង១១ព្រឹកថ្ងៃទី១៥ សីហា ២០២១ ក្រុមគ្រូពេទ្យជំនាញបានធ្វើតេស្តលើប្រជាពលរដ្ឋ អាជីវករ ក្នុងផ្សារសែនមនោរម្យចំនួន២៦៥នាក់ វិជ្ជមាន០៤នាក់ ស្រី០៣ ប្រុសម្នាក់។

លោក ហៀក សុផាន អភិបាលក្រុងសែនមនោរម្យ បានឲ្យដឹង នៅព្រឹកថ្ងៃទី១៥ សីហានេះថា ស្ថានភាពរួមនៃការរីករាលដាលកូវីដ-១៩ ក្នុងក្រុងសែនមនោរម្យ គិតត្រឹមថ្ងៃទី១៤ មានអ្នកវិជ្ជមានចំនួន ២៩៦នាក់ ដែលក្នុងនោះឃើញថា មួយផ្នែកនៃភូមចំបក់ ដែលរដ្ឋបាលខេត្តបានចេញសេចក្តីសម្រេចបិទខ្ទប់កាលពីថ្ងៃទី០១ ខែសីហានេះ ដែលមានផ្ទះជួល៥៧បន្ទប់ហ្នឹង យើងឃើញថាមានអ្នកវិជ្ជមាន រហូតដល់ពេលនេះប្រហែល ៦០នាក់ជាង ។លោក អភិបាលក្រុងបន្តថា សម្រាប់អ្នកស្នាក់នៅបន្ទប់ជួលចំនួន ៥៧បន្ទប់នេះ មានប្រជាពលរដ្ឋសរុប ២១៨ នាក់ ក្នុងនោះ ស្រី១០១នាក់ ហើយបងប្អូននៅផ្ទះជួលហ្នឹង ភាគច្រើនជាអ្នកលក់ដូរ មានមួយចំនួនលក់ដូរតាមម៉ូតូ ទៅតាមភូមិទៀត អញ្ចឹងឃើញថាតំបន់នេះជាតំបន់ក្រហម៕

ដោយ៖ សូរិយា


ចែករំលែក៖