ខេត្តបាត់ដំបង៖ បើយោងតាមផេកផ្លូវការ របស់កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ បានបញ្ជាក់អោយដឹងថា, អតីតយុទ្ធជនចំនួន ២ស្រុក គឺស្រុកកំរៀង និងស្រុកបវេល ត្រូវបានចាក់វ៉ាក់សាំងដូសទី៣ (ដូសជំរុញ) ប្រភេទ Astra Zeneca ដែលជាអំណោយដ៏ថ្លៃថ្លា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
នៅក្នុងឱកាសនោះ ឧត្តមសេនីយ៍ត្រី កែវ សេងលន មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥៣ បានមានប្រសាសន៍ថា យុទ្ធនាការចាក់វ៉ាក់សាំងដូសទី៣ (ដូសជំរុញ) ប្រភេទ Astra Zeneca ជូនអតីតយុទ្ធជន នៅទីបញ្ជាការកងពល នាពេលនេះមានរយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី១៤-១៥ ខែសីហា ឆ្នាំ២០២១។
លោកបានលើកឡើងថា៖ វ៉ាក់សាំង ដែលចាក់ជូនបងប្អូនមន្ត្រីរាជការជួរមុខដូសទី៣ នាពេលនេះ គឺជាការផ្តល់ជូនដ៏ពិសិទ្ធ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលសម្តេចបានខិតខំគ្រប់បែបយ៉ាង ដើម្បីរកវ៉ាក់សាំង និងបានដាក់ចេញវិធានការ សម្រាប់ចាក់ជូនមន្ត្រីរាជការ ប្រជាពលរដ្ឋរបស់យើងឲ្យបានគ្រប់ៗគ្នា ។
លោកបន្តទៀតថា ក្នុងនាម មេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហានទូទាំងកងពលតូចថ្មើរជើងលេខ៥៣ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចជាកាល សម្តេចតែងតែរួមសុខ រួមទុក្ខ ជាមួយមន្ត្រីរាជការក្រោមឱវាទ ដែលបំពេញភារកិច្ចនៅជួរមុខ សូមគោរពជូនពរសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ទទួលបាននូវសុខភាពល្អបរិបូរណ៌ កម្លាំងមាំមួនខ្លាំងក្លា បញ្ញាញាណវាងវៃ ជន្មាយុយឺនយូរ និងទទួលបានជោគជ័យត្រចះត្រចង់ក្នុងការដឹកនាំប្រទេសជាតិ កាន់តែមានការរីកចម្រើន៕
ដោយ៖ សិលា