ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋភ័យព្រួយពីផលប៉ះពាល់បរិស្ថានយ៉ាងធ្ងន់ធ្ងរ ដែលបង្កឡើងដោយម្ចាស់ឃ្លាំងស្តុកជ័របង្ហូរទឹកស្អុយលេីដីប្រឡាយអែបផ្លូវនៅស្រុកពញាក្រែក​

ចែករំលែក៖

ខេត្តត្បូងឃ្មុំ​ ៖​ ឃ្លាំងស្តុកជ័រកៅស៊ូស្អុយ​ គ្រប់​គ្រង​ដោយ​ឈ្មោះ ហ្វឿង ជាថៅកែជនជាតិវៀតណាម​ ដែលមានចំងាយពីរង្វង់មូលចូលប្រធាតុ​ ប្រមាណជាង​៩០០​ម៉ែត្រ​ តាមថ្នល់ជាតិ​លេខ៧​ ស្ថិតនៅចំណុចភូមិទួលជ័យ​ ឃុំកណ្តោលជ្រុំ​ ស្រុកពញាក្រែក​ ខេត្តត្បូងឃ្មុំ​ ត្រូវ​បាន​ប្រជាពលរដ្ឋដែលរង​ផលប៉ះ​ពាល់​សុខ​ភាព​ចំនួន៤ភូមិ​ដូចជា​ ៖​ ភូមិទួលជ័យ ភូមិពោធិ៍​ ភូមប្រធាតុ​ និងភូមិ​ អណ្តោត​ កេីត​ទុក្ខមិន​សុខចិត្ត​​រាយការណ៍មកថា ម្ចាស់ឃ្លាំងនេះបានចាក់​បង្ហូរទឹកសម្អុយជ័រនៃ​កៅស៊ូ​លេីប្រឡាយអែបផ្លូវ​សាធារណៈ​ ។

ប្រជាពលរដ្ឋលេីកឡេីងបន្តថា​ នៅចំណុចទីតាំងខាងលេីនេះ​ បញ្ហាបរិស្ថានធ្វើឲ្យប៉ះពាល់ដល់ការរស់នៅរបស់ពួក​គាត់​ ដោយសារលែងទ្រាំបាននឹងក្លិន​ស្អុយ​នេះ​តទៅទៀត​ ពិសេស​ជាង​នេះ​គឺបារម្ភពីសុខ​ភាពដែលងាយប្រឈម​ជួប​គ្រោះថ្នាក់​ទៅថ្ងៃមុខ​ ។

ជុំវិញ​នឹង​ការលើកឡើង​ពី​ទុក្ខ​ព្រួយ​របស់​ពលរដ្ឋ​ខាងលេីនេះ​ តាមរយៈប្រព័ន្ធទំនាក់ទំនងតេឡេក្រាម នៅ​ថ្ងៃ​អាទិត្យ​១៥សីហា​ លោក នី សុធី ប្រធានមន្ទីរបរិស្ថានខេត្តត្បូងឃ្មុំ​ លោកបានឆ្លើយ​ប្រាប់​អ្នក​យក​ព័ត៌មាន​ដូច្នេះ​ថា​ «ខាងស្រុកបង្កើតក្រុមការងារចុះដោះស្រាយម្តងហើយ។ ពេលចូលធ្វើការវិញ ខ្ញុំនឹងឱ្យមន្ត្រី ចុះពិនិត្យ​» ។

​ចំណែកលោក លី សុភាលីន អភិបាលស្រុកពញាក្រែកបានប្រាប់​អ្នក​យក​ព័ត៌មាន​តាមប្រព័ន្ធទំនាក់ទំនងតេឡេក្រាមនៅ​រសៀល​ថ្ងៃ​អាទិត្យ​១៥សីហា​នេះ​ដែរ​ថា​ «ខ្ញុំ​បានចាត់​មន្ត្រី​ចុះពិនិត្យ​ និងណែនាំឱ្យម្ចាស់អាជីវកម្មអនុវត្តកិច្ច​ការនេះ​ហេីយ​ » ។

លោក លី សុភាលីន ថែមទាំ​ងថ្លែង​អរគុណ​ដល់អ្នក​សារព័ត៌មាន​ដែលបាន​ចូលរួម​ផ្តល់​ព័ត៌​មាន​ជូនលោក​ថែមទៀតផង ។

ដោយឡែក​ម្ចាស់ដេប៉ូឃ្លាំងស្តុកជ័រស្អុយ ខាងលើអ្នក​យក​ព័ត៌មានមិនអាច​ទំនាក់​ទំនង​សុំធ្វើការអធិប្បាយពន្យល់បានទេដោយពុំមានលេខទូរស័ព្ទ​ ។

ទោះជាយ៉ាងនេះក្តី ប្រជាពលរដ្ឋនៅតែ​ទទូចស្នើសុំឱ្យអាជ្ញាធរ និងមន្ត្រីជំនាញពាក់ព័ន្ធ មេត្តាចុះមកពិនិត្យការបង្ហូរទឹកស្អុយលេីដីសាធារណ:​បន្ថែមទៀត និងសូមឲ្យមានដំណោះស្រាយដ៏សមស្របជូនប្រជាពលរដ្ឋ ឬ អនុវត្តផ្លូវច្បាប់លើម្ចាស់ឃ្លាំង​នេះផង៕​

ដោយ ៖ វណ្ណៈ


ចែករំលែក៖