ព័ត៌មានទាន់ហេតុការណ៍៖

តើអាមេរិកនិងសម្ពន្ធមិត្តចំណាយប្រាក់និងអាយុជីវិតមនុស្សប៉ុន្មានក្នុងសង្គ្រាម២០ឆ្នាំនៅប្រទេសអាហ្វហ្គានីស្ថាន?

ចែករំលែក៖

ក្រោយរយៈពេល២០ឆ្នាំដែលអាមេរិកចូលរួមធ្វើសង្គ្រាមនៅក្នុងប្រទេសអាហ្វហ្គានីស្ថានគឺជាសង្គ្រាមរយៈពេលយូរបំផុតពេលនេះជិតបញ្ចប់ទៅហើយ។ ពលរដ្ឋអាមេរិកនឹងបំភ្លេចសង្គ្រាមនៅក្នុងប្រទេសអាហ្វហ្គានីស្ថានក្នុងពេលដ៏ខ្លី ដោយសារតែសង្គ្រាមនោះ មិនសូវបានរដ្ឋសភាអាមេរិកយកចិត្តទុកដាក់ដូចសង្គ្រាមនៅក្នុងប្រទេសវៀតណាម ។ អាមេរិកបានបាត់បង់មនុស្សរាប់ពាន់នាក់ និងប្រាក់ជាច្រើនសម្រាប់សង្គ្រាមនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។

នៅពេលនេះក្រុមតាលីបង់បានដណ្តើមគ្រប់គ្រងទឹកដីអាហ្វហ្គានីស្ថានស្ទើរតែទាំងស្រុង នៅសល់តែរដ្ឋធានីកាប៊ុលប៉ុណ្ណោះ។ ហើយរដ្ឋធានីនោះអាចនឹងត្រូវធ្លាក់ចូលក្នុងដៃក្រុមតាលីបង់ទៀត ក្រោយអាមេរិកដកទាហានចេញពីប្រទេសនេះនៅថ្ងៃទី៣១ខែសីហា។

ការខាតបង់អាយុជីវិត៖
-ទាហានអាមេរិកស្លាប់នៅក្នុងសង្គ្រាមអាហ្វហ្គានីស្ថានគិតត្រឹមខែមេសាឆ្នាំ២០២១មាន ២.៤៤៨នាក់។ ចំនួនមេបញ្ជាការជនជាតិអាមេរិកស្លាប់៣.៨៤៦នាក់។
-ចំនួនទាហាននិងប៉ូលិសអាហ្វហ្គានីស្ថានស្លាប់៦៦.០០០នាក់ ។
-ចំនួនទាហានសម្ពន្ធមិត្តណាតូ ស្លាប់១.១៤៤នាក់។
-ពលរដ្ឋអាហ្វហ្គានីស្ថាន ៤៧.២៤៥នាក់ស្លាប់។
-ក្រុមតាលីបង់ និងក្រុមប្រឆាំងស្លាប់ ៥១.១៩១នាក់។
-បុគ្គលិកក្រុមផ្តល់ជំនួយ៤៤៤នាក់ស្លាប់ ។
-អ្នកសារព័ត៌មាន៧២នាក់ស្លាប់ ។
ប្រាក់ចំណាយរបស់អាមេរិកនៅក្នុងសង្គ្រាមអាហ្វហ្គានីស្ថាននិងអុីរ៉ាក់ គិតត្រឹមឆ្នាំ២០២០ មាន២.០០០ ពាន់លានដុល្លារ ។ ក្រៅពីនេះនៅមានប្រាក់ចំណាយជាច្រើនទៀត ដូចជា វិស័យសុខាភិបាល ផ្តល់ជំនួយដល់អតីតទាហាន ៤លាននាក់នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន និងអុីរ៉ាក់ មានជាង ២ពាន់ពាន់លានដុល្លារអាមេរិក។
បើនិយាយពីផលប៉ះពាល់និងការបំផ្លាញគឺច្រើនរាប់មិនអស់។ ចំណែកលទ្ធផលដែលអាមេរិកទទួលបាននៅក្នុងការធ្វើសង្គ្រាមផ្តួលរំលំរបបតាលីបង់ រយៈពេល២០ឆ្នាំគឺទទេស្អាត ។ គ្រាន់តែអាមេរិកដកទាហានចេញវិញអាហ្វហ្គានីស្ថាននឹងធ្លាក់ចូលក្នុងដៃក្រុមតាលីបង់ដដែល ដោយពេលនេះក្រុមតាលីបង់កំពុងតែត្រៀមដណ្តើមគ្រប់គ្រងរដ្ឋធានីកាប៊ុល៕ដោយ៖ ធីរីណា

រូបភាព៖AP+TTXVN 


ចែករំលែក៖