ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងសុខាភិបាលថៃ​ បន្តរកឃើញអ្នកវិជ្ជមានកូវីដ​-១៩​ជាង​២ម៉ឺន​នាក់​,​ ខណៈ​អ្នកជំងឺ ២០៩នាក់ស្លាប់បន្ថែមទៀត

ចែករំលែក៖

អន្តរជាតិ​៖​ បើតាមទីភ្នាក់ងារសារព័ត៌មានថៃ Bangkok Post បានដកស្រង់ចេញផ្សាយពី​ក្រសួងសុខាភិបាលថៃ​ នៅថ្ងៃអាទិត្យ ទី១៥ ខែសីហា ឆ្នាំ២០២១នេះ ស្ដីពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗរហូតដល់ចំនួន ២១,៨៨២ករណីបន្ថែមទៀត អ្នកជំងឺចំនួន ២០៩នាក់បន្ថែមទៀត ក៏ត្រូវបានរាយការណ៍ថាស្លាប់ផងដែរក្នុងរយៈពេល ២៤ម៉ោងចុងក្រោយដូចគ្នា។

បើតាមក្រសួងសុខាភិបាលថៃ បានគូសបញ្ជាក់ថា​ ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះមាន ២១,៦៣៧ករណី ត្រូវបានរកឃើញនៅលើប្រជាជនថៃទូទៅ និង ២៤៥ករណីទៀតត្រូវបាន រកឃើញនៅលើអ្នកទោសតាមពន្ធនាគារ។ ក្រៅពីការរកឃើញករណីឆ្លងថ្មីៗ ក៏មានអ្នកជំងឺចំនួន ២១,១០៦នាក់ផ្សេងទៀត ទើបតែត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ក្រោយជាសះស្បើយ។

​ដោយឡែក​បេី​តាមអ្នកនាំពាក្យ​មជ្ឈមណ្ឌល​គ្រប់គ្រង​ស្ថានការណ៍​កូវី​ដ​-១៩​ថៃ ​លោក​ តា​វី​ស៊ី​ល វី​សានុ​យ៉ូ​ធី​ន បាន​និយាយ​យោង​តាម​ការ​វាយ​តំលៃរ​បស់​ក្រសួងសុខាភិបាល​ដែល​បង្ហាញ​ថា៖​ ​ការឆ្លង​ប្រចាំ​ថ្ងៃ​នៅ​ចុង​​ខែសីហា​ និង​ដើម​ខែ​កញ្ញា​អាចមាន​ពី​៦០.០០០-៧០.០០០​នាក់ ក្រោយ​ពី​វិធានការ​បិទ​ខ្ទប់​បច្ចុប្បន្ន​ចប់​ទៅ​។

គួរជម្រាបថា​ សម្រាប់ការចាក់វ៉ាក់សាំងបង្ការ COVID-19 ប្រទេសថៃ​ គិតត្រឹមព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១នេះ​ សម្រេចបាន ២២.៣លានដូស ក្នុងនោះប្រជាជន ៤.៨៣លាននាក់ (៦.៩% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស។

គួរបញ្ជាក់ថា ប្រទេសថៃ​ រហូតមកទល់ពេលនេះ បានកត់ត្រានូវករណីឆ្លងសរុប នៅទូទាំងប្រទេសចំនួន ៩០៧,១៥៧ករណី ក្នុងនោះមានអ្នកស្លាប់ ៧,៥៥១នាក់ និងអ្នកជាសះស្បើយឡើងវិញ ៦៨៨,៨៨១នាក់៕

ដោយ​៖ស​ តារា​


ចែករំលែក៖