ភ្នំពេញ៖ ស្ទាវឈាមរាវ២ក្រុមបានបើកការវាយប្រហារកាប់ចាក់គ្នាយ៉ាងប្រសេចប្រសាចពេញផ្លូវដោយមិនដឹងមូលហេតុ បង្ករការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ រហូតធ្វើឲ្យមានអ្នករងរបួសត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ។
ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង ១៖១៥នាទីរសៀល ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ នៅចំណុចផ្លូវបេតុងមួយកន្លែងស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីអ្នកដែលបានឃើញហេតុការណ៍ បានបញ្ជាក់ប្រាប់ថា មុនពេលកើតហេតុគេឃើញយុវជនម្នាក់យកបាយមកឲ្យប្អូននៅចំណុចខាងលើពេលនោះ ស្រាប់តែមានយុវជនមួយក្រុមទៀត មានគ្នាចំនួន ២នាក់ បានចុះពីលើម៉ូតូមកកាប់ប្រហារយុវជននោះតែម្ដង ភ្លាមៗនោះយុវជនទាំងពីរក្រុមក៏បានតដៃគ្នាទៅវិញទៅមកដែលធ្វើឲ្យម្ខាងទៀតរងរបួសស្រាលនិងភាគីម្ខាងទៀតរងរបួសធ្ងន់ហើយត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ។ ករណីនេះគឺមិនទាន់ដឹងថាជារឿងគំនុំ ឬក៏ជាបញ្ហាអ្វីផ្សេងនោះឡើយ។
ក្រោយពេលកើតហេតុសមត្ថកិច្ចនគរបាលប៉ុស្តិ៍ទឹកថ្លាក៏បានចុះទៅដល់ទីតាំងកើតហេតុ ក៏បានធ្វើការឃាត់ខ្លួនយុវជនមួយក្រុម ដែលជាជនដៃដល់ យកទៅសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លាបន្ថែមទៀត ហើយភាគីម្ខាងទៀតបានរងរបួសធ្ងន់បែកក្បាលឈាមស្រោចពេញខ្លួនត្រូវបានគេដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗផងដែរ។
សមត្ថកិច្ចក៏បានដកហូតវត្ថុតាងមានដូចជារណាអារទឹកកក កាំបិតប៉័ងតោ និង ដែកបំពង់ទីបជាវត្ថុតាងក្នុងអំពើហឹង្សា៕
ដោយ ៖ ស សម