ភ្នំពេញ៖ យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ ឬដូសទី៣ (អាស្រ្តាហ្សេនីកា) ជូនដល់ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងគ្រួសារ បានបិទបញ្ចប់ដោយជោគជ័យ នៅព្រឹកថ្ងៃអាទិត្យ ទី១៥ ខែសីហា ឆ្នាំ២០២១ នេះ បន្ទាប់ពីបានដំណើរការដោយរលូនរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី ១២ ដល់ ព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ នៅក្នុងទីតាំងសាលាអនុវិទ្យាល័យចាក់អង្រែក្រោម ។
ជាមួយគ្នានេះផងដែរ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក៏បានចូលរួមអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវវិធានការ ៣ការពារ ៣កុំ របស់ប្រមុខរាជរដ្ឋាភិបាល ព្រមទាំងវិធានការនានា របស់ក្រសួងសុខាភិបាល ក្នុងការចូលរួមបង្កាទប់ស្កាត់ កូវីដ-១៩។
កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងគ្រួសារទាំងអស់បានបង្ហាញនូវសេចក្តីសប្បាយរីករាយដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ ឬដូសទី៣ (អាស្រ្តាហ្សេនីកា) និងបានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានខិតខំប្រឹងប្រែងស្វះស្វែងរកវ៉ាក់សាំងដើម្បីចាក់ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ក៏ដូចជាប្រជាពលរដ្ឋទូទៅបានឆាប់រហ័សទាន់សភាពការណ៍៕
ដោយ៖ សិលា