ខេត្តស្វាយរៀង៖ រដ្ឋបាលខេត្តស្វាយរៀង សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋក្នុងខេត្ត និងសាធារណជនទាំងអស់មេត្តាជ្រាបថា នៅក្នុងខេត្តស្វាយរៀងកន្លងមកបានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ សរុបចំនួន ៥៣៦៩នាក់ ស្រី ២៩៤៧នាក់ ករណីជា សះស្បើយចំនួន ៤៩៣២នាក់ ស្រី ២៧៣៤នាក់ ករណីកំពុងសម្រាកព្យាបាលចំនួន ៣០៦នាក់ ស្រី ១៣១នាក់ និង ករណីស្លាប់ចំនួន ១២៤នាក់ ស្រី ៧៩នាក់ ។
យោងតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលចេញថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ ក្នុងខេត្តស្វាយរៀង ករណីជាសះស្បើយចំនួន ៣៩នាក់ ស្រី ១៩នាក់ រកឃើញករណីថ្មីវិជ្ជមានកូវីដ-១៩ ចំនួន ២៩នាក់ ស្រី ១៥នាក់ ៖
បច្ចុប្បន្នអ្នកជំងឺកូវីដ-១៩ខាងលើ ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្វាយជ្រំ ចំនួន ១៥នាក់ មន្ទីរពេទ្យបង្អែកសាមគ្គីរំដួល ចំនួន ០៤នាក់ និងមណ្ឌលព្យាបាលជំងឺកូវីដ-១៩បាវិត ចំនួន ១០នាក់ ។ រដ្ឋបាលខេត្ត សូមអំពាវនាវដល់អ្នកដែលពាក់ព័ន្ធដោយផ្ទាល់ ឬប្រយោលជាមួយអ្នកជំងឺកូវីដ-១៩ និងទីតាំងខាងលើ ត្រូវធ្វើចត្តាឡីស័កនៅតាមផ្ទះរយៈពេល ១៤ថ្ងៃ ដើម្បីតាមដានសុខភាព ។ ប្រសិនបើមានអាការខុសប្រក្រតីដូចជា ក្តៅខ្លួន, ក្អក, កណ្ដាស់, ឈឺបំពង់ក, ពិបាកដកដង្ហើម សូមផ្ដល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន និងរួសរាន់ទៅយកវត្ថុវិភាគសំណាកនៅក្នុងមូលដ្ឋានរបស់ខ្លួន ឬទំនាក់ទំនងមកកាន់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តលេខទូរស័ព្ទ០៩៧ ៣៣៨ ៨៧៧៧ ឬទំនាក់ទំនងមកកាន់ក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ ខេត្ត លេខទូរស័ព្ទ ០៩៧ ៥០៣ ៤៥៦៧ / ០៨៨ ៧៨៣ ៦៦៦៦ ។
ទន្ទឹមនេះ រដ្ឋបាលខេត្ត សូមថ្លែងអំណរគុណដល់អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ និងបុគ្គលិក សុខាភិបាលដែលបានខិតខំបំពេញភារកិច្ចបានល្អប្រសើរ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលបានចូលរួម សហការ ទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ-១៩ ចូលទៅក្នុងសហគមន៍នៅក្នុងខេត្តស្វាយរៀង ។អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋ និងសាធារណជនជ្រាបជាព័ត៌មាន និង ចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការការពារតាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការទប់ស្កាត់ការពារជំងឺកូវីដ-១៩«៣ ការពារ ៣ កុំ»
ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ៕
ដោយ៖ សិលា