ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលរាជធានីភ្នំពេញសម្រេច បិទខ្ទប់កំណាត់ផ្លូវបេតុង ទល់មុខខ្លោងទ្វារវត្តកៀនស្វាយក្នុង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដែលមានការឆ្លងរាលដាលនៃមេរោគបំប្លែងខ្លួនថ្មីប្រភេទ(Delta)

ចែករំលែក៖

ភ្នំពេញ៖ នៅយប់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១រដ្ឋបាលរាជធានីភ្នំពេញ ចេញសេចក្តីសម្រេច ស្តីពី ការបិទខ្ទប់កំណាត់ផ្លូវបេតុង ទល់មុខខ្លោងទ្វារវត្តកៀនស្វាយក្នុង ស្ថិតនៅភូមិយកបាត្រ និងភូមិយកបាត្រ១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដែលមានការឆ្លងរាលដាលមេរោគបំប្លែងខ្លួនថ្មី ប្រភេទដែលតា (Delta)។
ត្រូវបានបិទខ្ទប់មិនឱ្យមានការចេញ-ចូលចំពោះកំណាត់ផ្លូវបេតុង ទល់មុខខ្លោងទ្វារវត្តកៀនស្វាយក្នុង ស្ថិតនៅភូមិយកបាត្រ និងភូមិយកបាត្រ១ សង្កាត់ក្បាលកោរ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដែលមានការឆ្លងរាលដាលនៃមេរោគបំប្លែងខ្លួនថ្មី ប្រភេទដែលតា (Delta) សម្រាប់រយៈពេល ១៤ (ដប់បួន) ថ្ងៃ គិតចាប់ពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ និងកាត់ផ្តាច់ការឆ្លងរាលដាលនូវមេរោគ បំប្លែងខ្លួនថ្មី ប្រភេទដែលតា (Delta) នៅក្នុងសហគមន៍។
ក្នុងអំឡុងពេលនៃការអនុវត្តវិធានការបិទខ្ចប់ ត្រូវបានហាមឃាត់រាល់ការចេញ-ចូល និងរាល់ការជួបជុំ ឬ ការប្រមូលផ្តុំមនុស្ស ក្នុងទីតាំងខាងលើ លើកលែងតែករណីចំបាច់ ដូចខាងក្រោម ៖
– ការចេញ-ចូល ដោយមូលហេតុសុខភាពបន្ទាន់

– ការចេញ-ចូល ដើម្បីផ្ដល់វត្ថុសំណាកធ្វើតេស្ដរកជំងឺកូវីដ-១៩ តាមការណែនាំរបស់អាជ្ញាធរមូលដ្ឋាន
– ការវិលត្រឡប់ទៅលំនៅឋាន ឬ ទីសំណាក់របស់ខ្លួនវិញរបស់បុគ្គលដែលបានបញ្ចប់ការធ្វើចត្តាឡីស័ក និង អ្នកជំងឺចេញពីមន្ទីរពេទ្យ ឬ កន្លែងសម្រាកព្យាបាល ចូលក្នុងទីតាំងបិទខ្ចប់ ដោយមានការសម្របសម្រួល របស់អាជ្ញាធរមានសមត្ថកិច្ច

– ការចេញ-ចូល និងការជួបជុំរបស់បុគ្គលិកសុខាភិបាល និងអាជ្ញាធរមានសមត្ថកិច្ច ដើម្បីអនុវត្តវិធានការ សុខាភិបាល ក្នុងការស្រាវជ្រាវ ទប់ស្កាត់ និងកាត់ផ្ដាច់ការឆ្លងរាលដាលនូវមេរោគបំប្លែងខ្លួនថ្មី ប្រភេទ ដែលតា (Delta) នៅក្នុងសហគមន៍
– ការចេញ-ចូល និងការជួបជុំរបស់អាជ្ញាធរមានសមត្ថកិច្ច ដើម្បីផ្គត់ផ្គត់គ្រឿងឧបភោគ-បរិភោគចាំបាច់ក្នុងអំឡុងពេលបិទខ្ទប់
– ការចេញ-ចូល និងការជួបជុំរបស់អាជ្ញាធរមានសមត្ថកិច្ច និងកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលគ្រប់ លំដាប់ថ្នាក់ ក្នុងការបំពេញការងារថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ។
-រាល់ការចេញ-ចូល និងការជួបជុំ ឬ ការប្រមូលផ្តុំមនុស្សដែលត្រូវបានលើកលែងខាងលើនេះ ត្រូវអនុវត្ត វិធានការសុវត្ថិភាពផ្នែកសុខាភិបាលឱ្យបានម៉ឺងម៉ាត់ ជាអាទិ៍ កាតព្វកិច្ចពាក់ម៉ាស កាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព ការធ្វើ អនាម័យដើម្បីសម្លាប់មេរោគ ការវាស់កម្ដៅ និងត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេសត្រូវ ប្រកាន់ខ្ជាប់ជានិច្ចនូវវិធានការ “៣ ការពារ និង ៣ កុំ” របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ត្រូវបានប្រគល់ភារកិច្ចជូន រដ្ឋបាលខណ្ឌច្បារអំពៅ ដើម្បីបង្កើតក្រុមការងារប្រចាំការនៅទីតាំងដែល តូ្រវបិទខ្ចប់ ក្នុងនោះ ក្រៅពីភារកិច្ចអនុវត្តវិធានការរដ្ឋបាលក្នុងការបិទខ្ចប់ ត្រូវបំពេញការងារអាទិភាព ជាអាទិ៍៖

– ការងារផ្នែកសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ
– ការងារផ្គត់ផ្គង់គ្រឿងឧបភោគ-បរិភោគចាំបាច់ជូនប្រជាពលរដ្ឋដែលមានការខ្វះខាតក្នុងទីតាំងបិទខ្ទប់

– ការងារទាក់ទងនឹងការអនុវត្តវិធានការសុខាភិបាល និងការផ្តល់សេវាសុខាភិបាលទូទៅ។ សូមអានទាំងស្រុងនូវខ្លឹមសារ នៃរដ្ឋបាលរាជធានីភ្នំពេញសម្រេច បិទខ្ទប់កំណាត់ផ្លូវបេតុង ទល់មុខខ្លោងទ្វារវត្តកៀនស្វាយក្នុង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដែលមានការឆ្លងរាលដាលនៃមេរោគបំប្លែងខ្លួនថ្មីប្រភេទ(Delta)៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖