ព័ត៌មានទាន់ហេតុការណ៍៖

បើករថយន្តបុកម៉ូតូពេញទំហឹងបណ្ដាលឲ្យយុវជនម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុចំណែករថយន្តបង្កបើករត់គេចខ្លួនបាត់ស្រមោល

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តមួយគ្រឿងក្នុងល្បឿនលឿនវ៉ាជែងនិងរថយន្តមួយទៀត បានជ្រុលទៅបុកនឹងម៉ូតូពេញទំហឹង បណ្ដាលឲ្យយុវជនម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង៨ និង២០នាទីយប់ ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ ដែលស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៤ ក្នុងសង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះ ម៉ន ផានុត មានអាយុ២៤ឆ្នាំ មានស្រុកកំណើតនៅក្នុងភូមិស្រែគុយ ឃុំពោធិ៍ចំរើន ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេបានឃើញរថយន្តមួយគ្រឿងម៉ាកហាយឡេនឌ័រពណ៌ទឹកប្រាក់មិនចាំស្លាកលេខ បើកបរដោយបុរសម្នាក់ក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុបានបើកវ៉ាជាមួយនឹងរថយន្តមួយគ្រឿងស្រាប់តែជ្រុលទៅបុកពេញទំហឹងជាមួយនិងម៉ូតូមួយគ្រឿងម៉ាកឌ្រីមសង់សេ125 ស៊េរីឆ្នាំ ២០១៣ ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1BC- 5007 ដែលបើកបរដោយយុវជនម្នាក់ បណ្ដាលឲ្យស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ ចំណែករថយន្តបង្កបានបើកបន្តរត់គេចខ្លួនបាត់ស្រមោល។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់រួចបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះធ្វើការវាស់វែងយកម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំណែករថយន្តបង្កសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ដោយឡែកសពជនរងគ្រោះក្រោយសមត្ថកិច្ចធ្វើកំណត់ហេតុរួចបានប្រគល់ឲ្យសាច់ញាតិយកធ្វើបុណ្យតាមប្រពៃណី ៕

ដោយ៖និនសុភ័ស្ត


ចែករំលែក៖