ព័ត៌មានទាន់ហេតុការណ៍៖

សូមអបអរសាទរខេត្តស្វាយរៀងមិនមានអ្នកស្លាប់២ថ្ងៃជាប់គ្នា ហើយមានអ្នកជាសះស្បើយ៣៩នាក់ និងរកឃើញអ្នកជំងឺកូវីដ-១៩ថ្មី២៩នាក់នៅថ្ងៃទី១៥ ខែសីហា

ចែករំលែក៖

ខេត្តស្វាយរៀង៖ នៅយប់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ រដ្ឋបាលខេត្តស្វាយរៀងបានប្រកាសថា ខេត្តនេះមិនមានអ្នកស្លាប់ឡើយ គឺមានតែអ្នកជាសះស្បើយ៣៩នាក់ ស្រី១៩នាក់ និងរកឃើញអ្នកជំងឺកូវីដ-១៩ថ្មីចំនួន២៩នាក់ស្រី១៥នាក់ តាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១។

   ការបង្ហាញអត្តសញ្ញាណអ្នកជំងឺកូវីដ-១៩នេះ រដ្ឋបាលខេត្តស្វាយរៀងក៏បានអំពាវនាវដល់អ្នកពាក់ព័ន្ធដោយផ្ទាល់ ឬប្រយោលជាមួយអ្នកជំងឺកូវីដ-១៩ ត្រូវធ្វើចត្តាឡីស័កនៅតាមផ្ទះរយៈពេល១៤ថ្ងៃ ដើម្បីតាមដានសុខភាព ហើយក្នុងករណីមានអាការខុសប្រក្រតីត្រូវផ្ដល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន និងរួសរាន់ទៅយកវត្ថុវិភាគសំណាក។

   សូមជម្រាបថា គិតត្រឹមថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១នេះ ខេត្តស្វាយរៀងរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ សរុបចំនួន៥.៣៦៩នាក់ ស្រី២.៩៤៧នាក់, ជាសះស្បើយចំនួន៤.៩៣២នាក់ ស្រី២.៧៣៤នាក់, កំពុងសម្រាកព្យាបាល ចំនួន៣០៦នាក់ ស្រី១៣១នាក់ និងស្លាប់ចំនួន១២៤នាក់ ស្រី៧៩នាក់។

  រដ្ឋបាលខេត្តបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋសូមតាមដានសុខភាព ដោយអនុវត្តតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ ៣ការពារ ៣កុំ របស់សម្ដេចតេជោ ហ៊ុន សែន។

   ប្រសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬសង្ស័យ សូមមេត្តាប្រញាប់ទៅធ្វេីតេស្តរកមេរោគកូវីដ-១៩​​  ដែលមានទីតាំងនៅជិតផ្ទះ ឬផ្ដល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន ឬទំនាក់ទំនងមកក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ ខេត្ត📞088 783 6666 ឬ 097 503 4567 ដើម្បីមានវិធានការបន្ត ។

   សម្រាប់អ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ ៕

ដោយ៖ យឹម សុថាន


ចែករំលែក៖