ខេត្តកំពង់ឆ្នាំង ៖ ក្មេងប្រុសស្រី២នាក់បានស្លាប់នៅក្នុងភ្នក់ភ្លើងយ៉ាងអណោចអាធ័ម ក្នុងហេតុការណ៍គ្រោះអគ្គិភ័យមួយដែលបង្កឡើងដោយទុស្សេខ្សែភ្លើងពេលដែលយាយនិងតាមិននៅផ្ទះ ។ ហេតុការណ៍ទុស្សេខ្សែភ្លើងឆេះសម្លាប់ក្មេងនេះ បានកើតឡើងកាលពីវេលាម៉ោង ៩ និង ១៦នាទីព្រឹក នៅភូមិពោធិ៍រិទ្ធិក្រៃ ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។
លោក ឈួន ចាន់ណា អភិបាលរងស្រុកសាមគ្គីមានជ័យបានប្រាប់ឱ្យដឹងថា ក្មេងរងគ្រោះ ក្នុងគ្រោះអគ្គិភ័យម្នាក់ឈ្មោះ នឿន ចិត្រា ភេទប្រុស អាយុ ១០ឆ្នាំ និង ម្នាក់ទៀត ឈ្មោះ នឿន ចន្ថា ភេទស្រី អាយុ៧ឆ្នាំ រស់នៅក្នុងភូមិឃុំកើតហេតុខាងលើ ។
ប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុ ឪពុកម្តាយក្មេងទាំងពីរនាក់បានទៅធ្វើការរោងចក្រ ទុកឱ្យនៅជាមួយយាយនិងតា ។ លុះដល់ម៉ោងប្រមាណជាង៩ យាយនិងតាទៅផ្សារ និងបានទុកក្មេងរងគ្រោះទាំង២នាក់នៅក្នុងផ្ទះ ដោយបានខ្ទាស់សោជាប់ ស្រាប់ដល់ពេលកើតហេតុ មានទុសេ្សខ្សែភ្លើង បណ្តាលឱ្យឆេះផ្ទះសន្ធោសន្ធៅឡើង បណ្តាលឱ្យក្មេងប្រុស ស្រីទាំង២នាក់បានស្លាប់យ៉ាងអណោចអធម្ម នៅក្នុងផ្ទះនេះតែម្តង ។
ក្រោយពេលកើតហេតុ ប្រជាពលរដ្ឋក៏បានជួយអន្តរាគមន៍ពន្លត់អគ្គិភ័យនេះ និងបានសុំអន្តរាគមន៍រថយន្តពន្លត់អគ្គិភ័យស្រុកមកបាញ់ពន្លត់ដែរតែមិនអាចជួយទាន់ គ្រាន់តែបានបាញ់ពន្លត់កុំឱ្យរាលដាលឆេះដល់ផ្ទះអ្នកស្រុកបន្តទៀត ។
ពាក់ព័ន្ធនិងករណីនេះ អធិការនគរបាលស្រុកសាមគ្គីមានជ័យ លោក សេង ចិន្តា មិនអាចបញ្ជាក់ពីហេតុការណ៍នេះបានទេ ដោយលោកប្រាប់ថា លោកកំពុងជាប់រវល់ ៕
ដោយ៖ចន្ថា